UN ថាការវាយប្រហារដោយដ្រូនលើជនស៊ីវិលនៅស៊ូដង់នៅតែបន្ត ទោះបីការឡោមព័ទ្ធត្រូវបានបំបែក (Video inside)
09-02-2026 22:59
(ហ្សឺណែវ)៖ ប្រធានសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោក វ៉ុលឃើ ទួគ (Volker Turk) បានប្រកាសនៅថ្ងៃចន្ទនេះថា ការវាយប្រហារដោយដ្រូនដែលបណ្តាលឱ្យមនុស្សស្លាប់នៅតំបន់ Kordofan ប្រទេសស៊ូដង់ នៅតែបន្តកើតមាន ទោះបីជាកងទ័ពរដ្ឋាភិបាលបានបំបែកការឡោមព័ទ្ធទីក្រុងភាគខាងត្បូងជាច្រើនក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
កងទ័ពស៊ូដង់បានបញ្ចប់ការឡោមព័ទ្ធរបស់កងកម្លាំង RSF នៅទីក្រុង al-Dalanj និង Kadugli ដែលធ្លាប់ប្រឈមមុខនឹងការអត់ឃ្លាន និងកង្វះថ្នាំពេទ្យ។ ប៉ុន្តែលោក ទួគ បានប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្ស UN ថា «ការវាយប្រហារដោយដ្រូនពីភាគីទាំងពីរនៅតែបន្ត ដែលបណ្តាលឱ្យជនស៊ីវិលរាប់សិបនាក់ស្លាប់ និងរបួស»។
ការិយាល័យរបស់លោកបានកត់ត្រាថា មានជនស៊ីវិលជាង ៩០នាក់ស្លាប់ និង ១៤២នាក់រងរបួសដោយសារដ្រូនរបស់ទាំងកងកម្លាំង RSF និងកងទ័ពរដ្ឋាភិបាល ចាប់ពីចុងខែមករា ដល់ថ្ងៃទី៦ ខែកុម្ភៈ។
លោក ទួគ ក៏បានបន្ថែមដែរថា មនុស្សរាប់ពាន់នាក់ដែលបាត់ខ្លួនពីទីក្រុង al-Fashir តាំងពីខែតុលា ឆ្នាំ២០២៥ ទំនងជាស្លាប់ ឬកំពុងត្រូវបានឃុំខ្លួនក្នុងលក្ខខណ្ឌអមនុស្សធម៌៕





