នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បដិសេធលាលែងចេញពីតំណែង ចំពោះមុខសម្ពាធជុំវិញរឿងអាស្រូវ Epstein (Video inside)

10-02-2026 09:21

(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានទទូចថារូបលោកនឹងមិនលាលែងចេញពីតំណែងនោះទេ បន្ទាប់ពីសម្ព័ន្ធមិត្តដ៏សំខាន់ម្នាក់បានអំពាវនាវឱ្យរូបលោក ចុះចេញពីតំណែងសម្រាប់ការធ្វើឱ្យរដ្ឋាភិបាលអង់គ្លេសធ្លាក់ចូលក្នុងរឿងអាស្រូវផ្លូវភេទ Jeffrey Epstein។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

បណ្ដារដ្ឋមន្ត្រីជាន់ខ្ពស់អង់គ្លេសបានបង្ហាញការគាំទ្រដល់លោក Starmer ដែលកំពុងប្រឈមនឹងវិបត្តិដ៏ធ្ងន់ធ្ងរបំផុតមួយក្នុងរយៈពេលនៃការកាន់តំណែងជានាយករដ្ឋមន្ត្រីអង់គ្លេស ១៩ខែមកនេះ។ ថ្លែងទៅកាន់ក្រុមសមាជិកសភានៃគណបក្សពលកររបស់លោកកាលពីថ្ងៃចន្ទ ទី៩ ខែកុម្ភៈ ក្នុងកិច្ចប្រជុំមួយជាទីដែលលោកទទួលបានការទះដៃស្វាគមន៍យ៉ាងកងរំពង លោក Starmer បានគូសបញ្ជាក់ថា «បន្ទាប់ពីបានតស៊ូយ៉ាងខ្លាំងដើម្បីបានទទួលឱកាសផ្លាស់ប្ដូរប្រទេសរបស់យើង ខ្ញុំមិនបានត្រៀមខ្លួនដើរចេញពីតំណែង និងការទទួលខុសត្រូវ របស់ខ្ញុំនោះទេ»

កាលពីថ្ងៃចន្ទ មេដឹកនាំគណបក្ស Scottish Labour លោក Anas Sarwar បានអំពាវនាវឱ្យលោក Starmer លាលែងចេញពីតំណែងសម្រាប់ការតែងតាំងលោក Peter Mandelson ជាឯកអគ្គរាជទូតអង់គ្លេសប្រចាំសហរដ្ឋអាមេរិកទាំងដែលដឹងរួចទៅហើយថាលោក Mandelson មានទំនាក់ទំនងជិតស្និទ្ធជាមួយពិរុទ្ធជនល្មោភកាម Jeffrey Epstein។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ ប្រធានខុទ្ទការល័យរបស់លោក Starmer គឺលោក Morgan McSweeney បានលាលែងចេញពីតំណែងជាការទទួលខុសត្រូវ លើការផ្ដល់យោបល់របស់លោក Starmer ឱ្យតែងតាំង Mandelson ជាឯកអគ្គរាជទូត៕