មន្ត្រីការទូតជាន់ខ្ពស់រុស្ស៉ី៖ ទីក្រុងមូស្គូក៏ត្រូវការការធានាសន្តិសុខផងដែរ

10-02-2026 10:49

(Reuters)៖ មន្ត្រីការទូតជាន់ខ្ពស់ម្នាក់របស់រុស្ស៉ីបាននិយាយថាកិច្ចព្រមព្រៀងណាមួយដើម្បីបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជិត៤ឆ្នាំរវាងរុស្ស៉ី និងអ៊ុយក្រែន ក៏គួរតែរាប់បញ្ចូលការធានាសន្តិសុខ សម្រាប់រុស្ស៉ីផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Alexander Grushko ជាអនុរដ្ឋមន្ត្រីការបរទេសរុស្ស៉ីធ្វើការកត់សម្គាល់បែបនេះក្នុងសម្រង់សម្ដីមួយត្រូវបានចេញផ្សាយដោយសារព័ត៌មាន Izvestia នៅថ្ងៃអង្គារ ទី១០ ខែកុម្ភៈ។ លោក Grushko បាននិយាយថារុស្ស៉ីទទួលស្គាល់ថាកិច្ចព្រមព្រៀងសន្តិភាពមួយនៅអ៊ុយក្រែនត្រូវការការធានាសន្តិសុខឱ្យអ៊ុយក្រែន ប៉ុន្តែរុស្ស៉ីក៏ត្រូវការការធានាសន្តិសុខដូចគ្នាដែរ។ «ប្រសិនបើអ្នកពិនិត្យដោយ យកចិត្តទុកដាក់ និងស្វែងយល់ពីសេចក្ដីថ្លែងការណ៍ធ្វើឡើងដោយបណ្ដាមេដឹកនាំសហភាពអឺរ៉ុប នោះអ្នកនឹងឃើញថាគ្មាននរណាម្នាក់និយាយពីការធានាសន្តិសុខសម្រាប់រុស្ស៉ីនោះទេ។ នេះគឺជាធាតុផ្សំ ដ៏សំខាន់មួយនៃកិច្ចព្រមព្រៀងសន្តិភាព ហើយបើគ្មានការធានាសន្តិសុខឱ្យរុស្ស៉ីទេ កិច្ចព្រមព្រៀងមួយក៏មិនអាចធ្វើទៅរួចនោះដែរ»។ នេះជាការគូសបញ្ជាក់របស់លោក Grushko។

គួរបញ្ជាក់ថា ក្រុមមន្ត្រីចរចារុស្ស៉ី និងអ៊ុយក្រែនបានរៀបចំកិច្ចចរចាមាន២ជុំ កាលពីប៉ុន្មានសប្ដាហ៍ថ្មីៗនេះជាមួយក្រុមមន្ត្រីអាមេរិកក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម ដោយមិនទាន់អាចសម្រេចបានកិច្ចព្រមព្រៀង សន្តិភាពនៅឡើយទេ។ ប៉ុន្តែភាគីទាំង២ បានឯកភាពគ្នាលើការដោះដូរឈ្លើយសឹកជាលើកដំបូងក្នុងពេល៥ខែមកនេះ ក្នុងជំនួបលើកចុងក្រោយបំផុតកាលពីសប្ដាហ៍មុន។ ការធានាសន្តិសុខសម្រាប់ អ៊ុយក្រែន បានក្លាយជាចំណុចដ៏សំខាន់មួយក្នុងកិច្ចពិភាក្សា រួមជាមួយបញ្ហាទឹកដី និងផែនការកសាងប្រទេសឡើងវិញរបស់អ៊ុយក្រែនក្រោយសង្រ្គាមបញ្ចប់៕