អូស្រ្តាលី អំពាវនាវឱ្យពលរដ្ឋអត់ធ្មត់ បន្ទាប់ពីមានការប៉ះទង្គិចគ្នា ក្នុងការតវ៉ាប្រឆាំងដំណើរទស្សកិច្ចរបស់ប្រធានាធិបតីអ៉ីស្រាអែល (Video inside)
10-02-2026 11:23
(ស៉ីដនី)៖ នាយករដ្ឋមន្រ្តីអូស្រ្តាលី បានអំពាវនាវឱ្យពលរដ្ឋស្ងប់ស្ងាត់ និងរក្សាសន្តិភាព បន្ទាប់ពីមានការប៉ះទង្គិចគ្នា រវាងប៉ូលិស និងក្រុមអ្នកតវ៉ាប្រឆាំងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអ៉ីស្រាអែល លោក Isaac Herzog មកកាន់អូស្ត្រាលី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១០ ខែកុម្ភៈ ឆ្នាំ ២០២៦។
លោក Anthony Albanese គូសបញ្ជាក់ថា លោកមានការខកចិត្ត ដោយសារតែឃើញអំពើហិង្សាកើតឡើង ជាមួយការស្នើឱ្យពលរដ្ឋបញ្ចេញទស្សនដោយសន្តិវិធី។ លោកបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា «បើប្រជាជនមិនចង់ឱ្យជម្លោះកើតឡើងនៅអូស្ត្រាលីទេ ពួកគេក៏មិនគួរបណ្តោឱ្យខ្លួនឯងក្លាយជាមូលហេតុនាំឱ្យកើតជម្លោះនោះដែរ»។
ក្រុមអ្នកតវ៉ា ដែលមានសមាជិកសភាបក្សប្រឆាំងម្នាក់ បាននិយាយនាថ្ងៃអង្គារនេះថា ពួកគេត្រូវបានប៉ូលិសវាយដំ។ អភិបាលរដ្ឋ New South Wales លោក Chris Minns បានការពារសកម្មភាពរបស់ប៉ូលិស ដោយនិយាយថា មន្ត្រីប៉ូលិស តម្រូវឱ្យធ្វើការសម្រេចចិត្តយ៉ាងឆាប់រហ័ស ក្នុងស្ថានភាពតឹងតែ និងប្រែប្រួល។
គួរបញ្ជាក់ថា មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នា នៅកណ្តាលទីក្រុងស៉ីដនី កាលពីថ្ងៃចន្ទ ដើម្បីប្រឆាំងនឹងដំណើរមកដល់នៃ លោក Herzog ដែលកើតឡើងបន្ទាប់ពីការបាញ់ប្រហារពលរដ្ឋជ្វីហ្វ លើទឹកដីអូស្រ្តាលី។ មនុស្សចំនួន ២៧នាក់ត្រូវចាប់ខ្លួន ក្នុងនោះ ១០នាក់រងការចោទប្រកាន់ថា បានវាយដំមន្រ្តីប៉ូលិស នៅពេលដែលប៉ូលិសព្យាយាមបោសសម្អាតក្រុមអ្នកតវ៉ា៕








