UN ស្វែងរកការបញ្ជាក់ពីពេលវេលា និងចំនួនថវិកាដែលអាមេរិកអាចសងថ្លៃជំពាក់ និងបង់ថ្លៃវិភាគទានឆ្នាំថ្មី (Video inside)
10-02-2026 11:55
(ញូវយ៉ក)៖ អង្គការសហប្រជាជាតិ (UN) កំពុងរង់ចាំព័ត៌មានលម្អិត ជុំវិញពេលវេលាដែលសហរដ្ឋអាមេរិក អាចបង់ថ្លៃវិភាគទាន និងចំនួនជាក់លាក់ បន្ទាប់ពីទីក្រុងវ៉ាស៉ីនតោន កាលពីសប្តាហ៍មុនបានសន្យាថា នឹងបង់ប្រាក់វិភាគទានដំបូង ក្នុងរយៈពេលត្រឹមប៉ុន្មានសប្តាហ៍។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១០ ខែកុម្ភៈ ឆ្នាំ ២០២៦។
សហរដ្ឋអាមេរិក ត្រូវទទួលខុសត្រូវដោះស្រាយ ៩៥ភាគរយនៃបញ្ហាថវិការបស់អង្គការសហប្រជាជាតិ។ ប្រទេសនេះបានជំពាក់ ២.១៩ពាន់លានដុល្លារគិតត្រឹមដើមខែកុម្ភៈ បូកនឹង ២.៤ពាន់លានដុល្លារទៀត សម្រាប់បេសកកម្មរក្សាសន្តិភាពបច្ចុប្បន្ន និងអតីតកាល ក៏ដូចជា ៤៣.៦លានដុល្លារសម្រាប់សាលាក្តីរបស់ UN។
អ្នកនាំពាក្យ UN លោក Stephane Dujarric គូសបញ្ជាក់ថា «យើងបានឃើញសេចក្តីថ្លែងការណ៍ ហើយនិយាយដោយត្រង់ទៅ អគ្គលេខាធិកា បានទាក់ទងមួយរយៈមកហើយ អំពីបញ្ហានេះ ជាមួយឯកអគ្គរដ្ឋទូតអាមេរិក លោក Mike Waltz»។ អ្នកនាំពាក្យរូបនេះបន្ថែមថា «អ្នកគ្រប់គ្រងផ្នែកថវិការបស់យើង បានទាក់ទងជាមួយសហរដ្ឋអាមេរិក។ មានការចង្អុលបង្ហាញថ្មី យើងកំពុងរង់ចាំមើល ថាតើនៅពេលណាដែលការទូទាត់នឹងត្រូវធ្វើឡើង ហើយក្នុងចំនួនប៉ុន្មាន»។
គួរបញ្ជាក់ថា នៅក្រោមការដឹកនាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ សហរដ្ឋអាមេរិកបាននិងកំពុងដកខ្លួនចេញពីអង្គការជាច្រើននៃស្ថាប័នមួយនេះ ហើយទាមទារឱ្យ UN ធ្វើកំណែទម្រង់ និងកាត់បន្ថយការចំណាយ៕





