ចិនច្រានចោលការចោទប្រកាន់របស់អាមេរិក ដែលថាខ្លួនលួចធ្វើតេស្តនុយក្លេអ៊ែរ (Video inside)

10-02-2026 13:41

(ប៉េកាំង)៖ នាថ្ងៃចន្ទ ទី៩ ខែកុម្ភៈ ចិនបានទាត់ចោលការចោទប្រកាន់របស់សហរដ្ឋអាមេរិក ដែលថាខ្លួនបានលួចលាក់ធ្វើតេស្ត​បំផ្ទុះនុយក្លេអ៊ែរ ហើយបានចាត់ទុកថា វាជាការភូតកុហកដើម្បីបម្រើជាលេសឱ្យទីក្រុងវាស៉ីនតោន អាចចាប់ផ្តើម​ការធ្វើតេស្តនុយក្លេអ៊ែររបស់ខ្លួនឡើងវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

អំឡុងសន្និសីទរបស់អង្គការសហប្រជាជាតិ ស្តីពីការរំសាយអាវុធសកល នៅឯទីក្រុងហ្សឺណែវ លោក Thomas DiNanno អនុរដ្ឋលេខាធិការ នៃក្រសួងបរទេសអាមេរិកទទួលបន្ទុកកិច្ចការគ្រប់គ្រងអាវុធ បានចោទប្រកាន់ថា ចិនបានលួចធ្វើតេស្តនុយក្លេអ៊ែរជាបន្តបន្ទាប់ ក្នុងនោះរួមមានទាំងកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ហើយកំពុងត្រៀមរៀបចំ​ការធ្វើតេស្តដែលមានកម្លាំងផ្ទុះធំៗថែមទៀត។

ក្រោយរងការចោទប្រកាន់ដូចខាងលើ ក្រសួងការបរទេសចិន បានចេញសេចក្តីថ្លែងការណ៍ថា វាគ្មានមូលដ្ឋានច្បាស់លាស់ និងជា​ពាក្យភូតកុហកសុទ្ធសាធ ហើយបានគូសបញ្ជាក់ថា ប្រទេសចិនប្រឆាំងដាច់ខាតចំពោះការប៉ុនប៉ងបង្កើតលេស ដើម្បីឱ្យអាមេរិកខ្លួនឯងផ្ទាល់ ចាប់ផ្តើមការធ្វើតេស្តនុយក្លេអ៊ែរឡើងវិញ។ ជាចុងក្រោយ ទីក្រុងប៉េកាំង បានទទូចឱ្យសហរដ្ឋអាមេរិក​ បញ្ឈប់ជាបន្ទាន់រាល់សកម្មភាពខ្វះការទទួលខុសត្រូវទាំងឡាយ។

កាលពីខែតុលា ឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ទីក្រុងវ៉ាស៉ីនតោន នឹងចាប់ផ្តើមការធ្វើតេស្ត​អាវុធនុយក្លេអ៊ែរឡើងវិញ ដើម្បីឱ្យស្មើភាពគ្នា ជាមួយទីក្រុងមូស្គូនិងទីក្រុងប៉េកាំង ប៉ុន្តែលោកមិនបានបកស្រាយច្បាស់ទេថា ការធ្វើតេស្តនុយក្លេអ៊ែរប្រភេទណា ដែលរូបលោកចង់បន្តឡើងវិញ។

គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោក DiNanno ធ្វើឡើងស្របពេលដែលលោកបានបង្ហាញផែនការថ្មីរបស់អាមេរិក ដែលអំពាវនាវឱ្យមានកិច្ចចរចាត្រីភាគី ជាមួយរុស្ស៉ីនិងចិន ដើម្បីរៀបចំការកំណត់ថ្មីស្តីពីអាវុធនុយក្លេអ៊ែរ បន្ទាប់ពីការផុតសុពលភាព​នៃសន្ធិសញ្ញា New START ដែលជាសន្ធិសញ្ញានុយក្លេអ៊ែរចុងក្រោយបង្អស់ រវាងទីក្រុងវ៉ាស៉ីនតោននិងទីក្រុងមូស្គូ ហើយបាន​ផុតកំណត់កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ យ៉ាងណាមិញ ចិនបាននិយាយថា ខ្លួនបដិសេធចំពោះការចូលរួម ក្នុងកិច្ចចរចាគ្រប់គ្រងអាវុធនុយក្លេអ៊ែរ នៅដំណាក់កាលនេះ៕