យោធាអាមេរិក តាមរឹបអូសបានកប៉ាល់ដឹកប្រេងនៅមហាសមុទ្រឥណ្ឌា ដែលរត់គេចពីការបិទខ្ទប់នៅសមុទ្រ Caribbean (Video inside)

10-02-2026 14:06

(វ៉ាស៉ីនតោន)៖ នាថ្ងៃចន្ទ ទី៩ ខែកុម្ភៈ មន្ទីរបញ្ចកោណបានឱ្យដឹងថា កងកម្លាំងអាមេរិកបានរឹបអូសកប៉ាល់ដឹកប្រេង១គ្រឿង នៅមហាសមុទ្រឥណ្ឌា បន្ទាប់ពីកប៉ាល់នោះ បានបំពានវិធានការបិទខ្ទប់នាវាជាប់ទណ្ឌកម្ម របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅសមុទ្រ Caribbean ហើយបានរត់គេចចេញពីតំបន់នោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

មន្ទីរបញ្ចកោណបាននិយាយថា កប៉ាល់ដឹកប្រេងឈ្មោះ Aquila II បានធ្វើប្រតិបត្តិការបំពានចំណាត់ការបិទខ្ទប់កប៉ាល់ជាប់ទណ្ឌកម្ម ​របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅ Caribbean ហើយបានរត់គេចខ្លួន ប៉ុន្តែកប៉ាល់នោះត្រូវបានប្រដេញតាម និងទីបំផុត​រឹបអូសដោយជោគជ័យ តាំងពីសមុទ្រ Caribbean រហូតដល់មហាសមុទ្រឥណ្ឌា។

កប៉ាល់ខាងលើ គឺជាកប៉ាល់ទី៨ហើយ ដែលត្រូវបានអាមេរិករឹបអូស ចាប់តាំងពីលោក ត្រាំ កាលពីខែធ្នូ ឆ្នាំមុន បានចេញបទបញ្ជា​ឱ្យបិទខ្ទប់នាវាដឹកប្រេងជាប់ទណ្ឌកម្មទាំងអស់ ដែលចេញ-ចូលប្រទេសវ៉េណេស៊ុយអេឡា។ ម៉្យាងវិញទៀត វាក៏ជាកប៉ាល់ទី២ផងដែរ ដែលកងកម្លាំងអាមេរិកបានដេញតាមចាប់ នៅក្រៅតំបន់ Caribbean បន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿង ដែលមានទំនាក់ទំនង​ជាមួយរុស្ស៉ី ត្រូវបានរឹបអូសនៅភាគខាងជើងមហាសមុទ្រអាត្លង់ទិក កាលពីខែមករា ក្រោយអាមេរិកដេញតាម តាំងពីក្បែរឆ្នេររបស់​វ៉េណេស៊ុយអេឡា។

គួរបញ្ជាក់ថា ទីក្រុងវ៉ាស៉ីនតោន បានដាក់ពង្រាយកងកម្លាំងជើងទឹកយ៉ាងធំ ទៅកាន់តំបន់ Caribbean ហើយបានវាយប្រហារលើ​ទូកដែលខ្លួនចោទថាដឹកគ្រឿងញៀន និងរឹបអូសកប៉ាល់ដឹកប្រេង ព្រមទាំងបើកប្រតិបត្តិការដ៏ភ្ញាក់ផ្អើល ដើម្បីចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro។ យ៉ាងណាមិញ ចំនួនកប៉ាល់ដែលត្រូវបានរឹបអូស​ប៉ុន្មានខែមកនេះ គឺជាចំណែកដ៏តូចមួយប៉ុណ្ណោះ នៃកប៉ាល់ជាប់ទណ្ឌកម្មទាំងអស់ ដែលធ្វើប្រតិបត្តិការនៅជុំវិញពិភពលោក។ បើតាម​មន្រ្តីជាន់ខ្ពស់នៃឆ្មាំសមុទ្រអាមេរិក កប៉ាល់ទាំងនោះអាចមានចំនួនរហូតដល់៨០០គ្រឿង៕