មនុស្សស្លាប់កើនដល់៤៦នាក់ និងជាង៥០០នាក់របួស នៅជប៉ុន ដោយសារព្រិលធ្លាក់ខ្លាំង (Video inside)

10-02-2026 14:41

(តូក្យូ)៖ ទិន្នន័យថ្មីចុងក្រោយបង្អស់ពី ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយនៃប្រទេសជប៉ុន បានបង្ហាញនៅថ្ងៃអង្គារ ទី១០ ខែកុម្ភៈថា រយៈពេលជិត៣សប្តាហ៍មកនេះ នៃព្រិលធ្លាក់គ្របដណ្តប់យ៉ាងខ្លាំងក្លា បានផ្តាច់ជីវិតមនុស្សកើន៤៦នាក់ ខណៈ៥៥៨នាក់ផ្សេងទៀត បានរងរបួស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ការធ្លាក់ព្រិលឥតស្រាកស្រាន្តចាប់តាំងពីចុងខែមក បានគ្របដណ្តប់លើបណ្តាសហគមន៍នៅភាគខាងជើងប្រទេសជប៉ុន ហើយបង្កភាពវឹកវរជាខ្លាំង​ចំពោះការធ្វើចរាចរណ៍ ជាពិសេសនៅតាមបណ្តោយឆ្នេរដែលស្ថិតជាប់សមុទ្រជប៉ុន។ ប៉ូលិសនិងអាជ្ញាធរប្រចាំមូលដ្ឋាន បានឱ្យដឹងថា ឧបទ្ទវហេតុបណ្តាលឱ្យបាត់បង់ជីវិតមនុស្សជាច្រើនករណី បានកើតឡើងនៅពេលដែលគំនរព្រិលធំៗ ធ្លាក់ពីដំបូលផ្ទះសង្កត់លើអ្នកស្រុក ដែលភាគច្រើនជាជនចាស់ជរា ឬនៅពេលពួកគេរអិលជើងដួល ដោយសារព្យាយាមសម្អាតព្រិលដែលនៅនឹងដី ជាដើម។

គួរបញ្ជាក់ថា បើតាមទីភ្នាក់ងារឧតុនិយមជប៉ុន នៅខេត្ត Aomori ភាគខាងជើង ប្រជាជនជប៉ុន កំពុងបន្តប្រឈមជាមួយបញ្ហាលំបាក ដែលបង្កឡើងដោយសារគំនរព្រិលកម្រាស់ចន្លោះជាង១ម៉ែត្រ ទៅ២ម៉ែត្រ៕