លោក ដូណាល់ ត្រាំ រករឿងកាណាដា ជុំវិញសំណង់ស្ពានថ្មីដែលតភ្ជាប់ជាមួយសហរដ្ឋអាមេរិក (Video inside)
10-02-2026 15:22
(វ៉ាស៉ីនតោន)៖ នាថ្ងៃចន្ទ ទី៩ ខែកុម្ភៈ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមរារាំងការដាក់ឱ្យប្រើប្រាស់ស្ពានថ្មីមួយ ដែលតភ្ជាប់រវាងប្រទេសទាំងពីរ ខណៈវាគឺជាការរករឿងថ្មីមួយទៀត ប្រឆាំងនឹងប្រទេសជិតខាត ដែលធ្លាប់ត្រូវរូបលោកនិយាយថា គួរតែក្លាយជារដ្ឋទី៥១របស់អាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
លោក ត្រាំ បានលើកឡើងថា សហរដ្ឋអាមេរិក គួរតែជាម្ចាស់កម្មសិទ្ធិយ៉ាងហោចពាក់កណ្តាល នៃស្ពានអន្តរជាតិ Gordie Howe ដែលកំពុងស្ថិតក្រោមដំណើរការសាងសង់នៅឡើយ ដើម្បីតភ្ជាប់រវាងខេត្ត Ontario របស់កាណាដា និងរដ្ឋ Michigan របស់អាមេរិក។ ការងារសាងសង់ស្ពានតម្លៃ៤.៧ពាន់លានដុល្លារនេះ បានចាប់ផ្តើមកាលពីឆ្នាំ២០១៨ ហើយត្រូវបានគ្រោងបើកសម្ពោធនៅចុងឆ្នាំនេះ។
លោកប្រធានាធិបតីអាមេរិក បានបង្ហោះសារលើបណ្តាញសង្គម Truth Social យ៉ាងដូច្នេះថា «ខ្ញុំនឹងមិនអនុញ្ញាតឱ្យស្ពាននេះបើកសម្ពោធឡើយ រហូតទាល់តែសហរដ្ឋអាមេរិក ទទួលបានការតបស្នងពេញលេញ សម្រាប់អ្វីគ្រប់យ៉ាងដែលយើងបានផ្តល់ឱ្យទៅពួកគេ ហើយរឿងដែលសំខាន់ផងដែរនោះ គឺប្រទេសកាណាដាត្រូវប្រព្រឹត្តចំពោះសហរដ្ឋអាមេរិក ដោយយុត្តិធម៌និងការគោរព ដែលយើងសក្តិសមទទួលបាន។ យើងនឹងចាប់ផ្តើមការចរចាជាបន្ទាន់»។
លោក ត្រាំ បានរិះគន់ថា កាណាដាជាម្ចាស់កម្មសិទ្ធិទាំងស្រុងនៃស្ពានខាងលើ ហើយសឹងតែគ្មានបានប្រើប្រាស់ផលិតផលអាមេរិក ក្នុងការសាងសង់វាឡើយ។ ប៉ុន្តែបើតាមសេចក្តីបញ្ជាក់ព័ត៌មាន ចេញដោយក្រុមហ៊ុនស្ពានកាណាដា Windsor-Detroit Bridge Authority ស្ពាន Gordie Howe ត្រូវបានរ៉ាប់រងហិរញ្ញវត្ថុទាំងស្រុងដោយកាណាដា ប៉ុន្តែនឹងស្ថិតក្រោមកម្មសិទ្ធរួមគ្នារវាងរដ្ឋាភិបាលកាណាដា និងរដ្ឋាភិបាលនៃរដ្ឋ Michigan របស់អាមេរិក។
លោក ដូណាល់ ត្រាំ ក៏បានឆ្លៀតត្អូញត្អែររឿងកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់កាណាដាជាមួយចិនផងដែរ។ ទីក្រុងវ៉ាស៉ីនតោន បានគំរាមដំឡើងពន្ធ១០០ភាគរយលើកាណាដា បន្ទាប់ពីនាយករដ្ឋមន្រ្តីកាណាដា លោក Mark Carney បានបំពេញទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងកាលពីខែមុន ហើយបានឈានដល់កិច្ចព្រមព្រៀងបឋមស្តីពីពាណិជ្ជកម្មជាមួយចិន។
គួរបញ្ជាក់ថា លោក ត្រាំ បានបង្កទំនាស់ជាមួយប្រទេសកាណាដា ជុំវិញបញ្ហាពាណិជ្ជកម្ម ចាប់តាំងពីពេលត្រឡប់មកាន់អំណាចសាជាថ្មី កាលពីខែមករា ឆ្នាំ២០២៥។ កន្លងមក លោកធ្លាប់បានបង្ហាញបំណងចង់ឱ្យអាមេរិកកាត់បញ្ចូលកាណាដាជារដ្ឋរបស់ខ្លួន ប៉ុន្តែប៉ុន្មានខែចុងក្រោយនេះ ហាក់បានបោះបង់មហិច្ឆតានោះវិញហើយ៕






