នាយករដ្ឋមន្រ្តីថៃ លោក Anutin ជឿជាក់ថា រដ្ឋាភិបាលថ្មីនឹងកាន់អំណាចបានពេញអាណត្តិ (Video inside)
10-02-2026 15:42
(បាងកក)៖ នាថ្ងៃអង្គារ ទី១០ ខែកុម្ភៈ នាយករដ្ឋមន្រ្តីថៃ លោក Anutin Charnvirakul បានបង្ហាញភាពជឿជាក់ខ្ពស់ថា រដ្ឋាភិបាលថ្មីរបស់លោក នឹងអាចកាន់អំណាចបានពេញមួយអាណត្តិ ដែលមានរយៈពេល៤ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ការបោះឆ្នោតសកលនៅប្រទេសថៃ បានប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យ ទី៨ ខែកុម្ភៈ ហើយលទ្ធផលក្រៅផ្លូវការ បានបង្ហាញថា គណបក្សភូមិចៃថៃរបស់លោក Anutin ឈ្នះបានអាសនៈច្រើនជាងគេគឺជិត២០០អាសនៈ ក្នុងចំណោមអាសនៈសរុប៥០០ នៅរដ្ឋសភា។ ដើម្បីបន្តជានាយករដ្ឋមន្រ្តី គណបក្សរបស់លោក នឹងត្រូវចរចារកដៃគូ ដើម្បីឱ្យបានអាសនៈយ៉ាងហោច២៥១ ដែលជារឿងមិនលំបាកឡើយ។
ចាប់តាំងពីឆ្នាំ២០០៥មក នៅប្រទេសថៃ ពុំមានរដ្ឋាភិបាលជាប់ឆ្នោតណា ដែលកាន់អំណាចបានពេញអាណត្តិទេ។ រដ្ឋាភិបាលបន្តបន្ទាប់ក្រោយពេលនោះ ត្រូវអស់អំណាចមុនកាលកំណត់ ដោយសារកត្តាផ្សេងៗ ដូចជារដ្ឋប្រហារយោធា និងការដកហូតតំណែងដោយតុលាការ។ តួយ៉ាង អតីតនាយករដ្ឋមន្រ្តីថៃ លោកស្រី Paetongtarn Shinawatra នៃរដ្ឋាភិបាលដឹកនាំដោយគណបក្សភឿថៃ ត្រូវបានតុលាការធម្មនុញ្ញថៃ ដកតំណែងកាលពីខែសីហា ឆ្នាំ២០២៥។
គួរបញ្ជាក់ថា ក្រោយការដកតំណែងនោះ គណបក្សភូមិចៃថៃរបស់លោក Anutin បានដកខ្លួនពីក្រុមចម្រុះ ហើយចាប់ផ្តើមការចរចាជាមួយគណបក្សដទៃទៀត។ នៅខែកញ្ញា ឆ្នាំ២០២៥ រដ្ឋសភាថៃ ក៏បានបោះឆ្នោតជ្រើសតាំងលោក Anutin ជានាយករដ្ឋមន្រ្តី បន្ទាប់ពីលោកទទួលបានសំឡេងគាំទ្រភាគច្រើន យកឈ្នះលើបេក្ខជនរបស់បក្សភឿថៃ។ កាលពីខែធ្នូ ឆ្នាំដដែល លោក Anutin បានប្រកាសរលាយសភា ដើម្បីរៀបចំការបោះឆ្នោតសកលមុនអាណត្តិ៕




