ចិនប្រកាសផ្តល់ការគាំទ្រចំពោះអ្នកស្នេហាការបង្រួបបង្រួមជាតិនៅតៃវ៉ាន់ ប៉ុន្តែនឹងបំបាក់ចលនាបំបែករដ្ឋ
10-02-2026 16:28
(ប៉េកាំង)៖ មន្រ្តីកំពូលចិនទទួលបន្ទុកគោលនយោបាយតៃវ៉ាន់ បាននិយាយថា ចិននឹងផ្តល់ការគាំទ្រយ៉ាងម៉ឺងម៉ាត់ ចំពោះកងកម្លាំងស្នេហាការបង្រួបបង្រួមជាតិ នៅក្នុងកោះតៃវ៉ាន់ ហើយវាយបំបាក់ក្រុមបំបែកខ្លួន។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១០ ខែកុម្ភៈ ឆ្នាំ ២០២៦។
ថ្លែងក្នុងសន្និសីទប្រចាំឆ្នាំស្តីអំពីការងារតៃវ៉ាន់ មន្រ្តីថ្នាក់លេខ ៤របស់បក្សកុម្មុយនិស្តចិន លោក Wang Huning និយាយថា ក្រុមមន្ត្រីត្រូវតែជំរុញ «បុព្វហេតុដ៏អស្ចារ្យនៃការបង្រួបបង្រួមជាតិ»។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua បានបកប្រែសម្រួលពាក្យសម្តីរបស់ លោក Wang Huning ដែលនិយាយថា «វាចាំបាច់ដើម្បីផ្តល់ការគាំទ្រ ដល់កងកម្លាំងស្នេហាការបង្រួបបង្រួមជាតិ នៅក្នុងកោះតៃវ៉ាន់ វាយប្រហារក្រុមបំបែកខ្លួនដើម្បីឯករាជ្យតៃវ៉ាន់ ប្រឆាំងនឹងការជ្រៀតជ្រែកពីកងកម្លាំងខាងក្រៅ និងការពារសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់»។
គួរបញ្ជាក់ថា ចិន ដែលចាត់ទុកតៃវ៉ាន់ជាខេត្តមួយ បានបង្កើនសម្ពាធផ្នែកយោធា និងនយោបាយប្រឆាំង ខណៈស្វែងរកការអះអាងទាមទារអធិបតេយ្យភាពរបស់ខ្លួន។ ជាយូរយារណាស់មកហើយ ចិនបានផ្តល់ឱ្យតៃវ៉ាន់នូវគំរូស្វ័យភាព «ប្រទេសមួយ ប្រព័ន្ធពីរ» តាមបែបផែនដឹកនាំនៅហុងកុង ទោះបីជាគ្មានគណបក្សនយោបាយធំណាមួយនៅតៃវ៉ាន់គាំទ្រក៏ដោយ៕







