កិច្ចព្រមព្រៀងពាណិជ្ជកម្មឥណ្ឌា-អាមេរិក ជះឥទ្ធិពលដល់កសិករឥណ្ឌារាប់លាននាក់ (Video inside)

10-02-2026 17:08

(ញូវដេលី)៖ សហរដ្ឋអាមេរិក និងឥណ្ឌា បានបញ្ចេញក្របខណ្ឌបណ្តោះអាសន្ន សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្ម ដើម្បីត្រួសត្រាយផ្លូវឆ្ពោះទៅកិច្ចព្រមព្រៀងពេញលេញមួយ ដែលនឹងបញ្ចុះអត្រាពន្ធគយ កំណត់រចនាសម្ព័ន្ធទំនាក់ទំនងថាមពលកកើតឡើងវិញ និងធ្វើឱ្យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកាន់តែស៉ីជម្រៅ ខណៈប្រទេសទាំងពីរ ស្វែងរកការតម្រឹមខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក។ នេះបើយោងតាមការចេញ

ផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងក្របខណ្ឌបណ្តោះអាសន្ននោះ បានលើកឡើងថា ទីក្រុងញូវដេលី មិនយល់ស្របទាំងស្រុងឡើយ ចំពោះសំណើរបស់ទីក្រុងវ៉ាស៉ីនតោន ដែលចង់ឱ្យឥណ្ឌាបើកទីផ្សារកសិកម្មយ៉ាងទូលំទូលាយ។ ប៉ុន្តែឥណ្ឌាបានយល់ព្រម កាត់បន្ថយរបាំងពាណិជ្ជកម្មលើទំនិញកសិកម្មមួយចំនួន ដែលបង្កឱ្យមានការរិះគន់ពីសំណាក់កសិករ និងគណបក្សប្រឆាំងនៅឥណ្ឌា។

ឥណ្ឌា ត្រូវបានគេរំពឹងថា នឹងអនុញ្ញាតឱ្យមានការនាំចូលគ្រាប់ធញ្ញជាតិស្ងួត ដែលសម្បូរទៅដោយជាតិប្រូតេអ៉ីន លាយជាមួយសារធាតុរំលាយ (DDGS) ចម្រាញ់ចេញពីពោត និងគ្រាប់ធញ្ញជាតិផ្សេងទៀតពីសហរដ្ឋអាមេរិក មកបន្ថែមលើទីផ្សារហូរហៀរនៅក្នុងស្រុក។ ទោះបីជាការផ្គត់ផ្គង់ខ្ពស់នៃសារធាតុ DDGS ផ្តល់ប្រយោជន៍ដល់វិស័យបសុបក្សី ដោយជួយឱ្យចំណីសត្វនៅឥណ្ឌាចុះថោក ប៉ុន្តែអ្នកកែច្នៃគ្រាប់ប្រេងក្នុងស្រុក និងកសិករសណ្តែកសៀង អាចបាត់បង់ចំណូល ប្រសិនបើការនាំចូលរបស់សហរដ្ឋអាមេរិកកើនឡើង។

គួរបញ្ជាក់ថា ការផ្គត់ផ្គង់សារធាតុ DDGS ក្នុងប្រទេសឥណ្ឌា មានកម្រិតលើសលប់ ហើយតម្រូវការទាបលើប្រេងឆា ដូចជាធ្វើពីសណ្តែកសៀង បានដាក់សម្ពាធលើតម្លៃគ្រាប់ពូជប្រេងរបស់ឥណ្ឌា និងជំរុញឱ្យកសិករ ផ្លាស់ប្តូរពីការដាំដុះសណ្តែកសៀង និងសណ្តែកដីទៅជាពោត និងអង្ករវិញ បើទោះបីជាញូវដេលី កន្លងមកបានជំរុញឱ្យមានការដាំដុះគ្រាប់ពូជប្រេង និងទប់ស្កាត់ការនាំចូលក៏ដោយ៕