បទវិភាគ៖ កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនគឺជា «អ្នករួមចំណែក» និងជា «យុថ្កាសម្រាប់លំនឹង» នៃកំណើនសេដ្ឋកិច្ចសកល
10-02-2026 17:32
(ប៉េកាំង)៖ ចាប់តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី ១៨ មក សេដ្ឋកិច្ចចិនបានប្រែក្លាយពីដំណាក់កាលកើនឡើង ដោយល្បឿនលឿនទៅជាដំណាក់កាលអភិវឌ្ឍន៍ ប្រកបដោយគុណភាពខ្ពស់ ។ ក្នុងអំឡុងពេលអនុវត្តផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៤ អត្រារួមចំណែកគិតជាមធ្យមរបស់ប្រទេសចិន ចំពោះកំណើនសេដ្ឋកិច្ចពិភពលោកបានរក្សាប្រហែល ៣០ ភាគរយដែលជា "អ្នករួមចំណែក" ដ៏ធំបំផុតនិងជា "យុថ្កាសម្រាប់លំនឹង" ដ៏ខ្លាំងក្លាបំផុតសម្រាប់កំណើនសេដ្ឋកិច្ចសកល។
ក្នុងអំឡុងពេលអនុវត្តផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៤ តម្លៃបន្ថែមនៃឧស្សាហកម្មកម្មន្តសាលរបស់ចិនមានសមាមាត្រជិត ៣០ ភាគរយនៃពិភពលោកទាំងមូល ហើយបរិមាណផលិតផលឧស្សាហកម្មសំខាន់ៗជាង ២០០ ប្រភេទបានជាប់ចំណាត់ថ្នាក់ ទីមួយនៅទូទាំងពិភពលោក ។ ការតភ្ជាប់បណ្តាញហេដ្ឋារចនាសម្ព័ន្ធកាន់តែល្អពេញលេញ ហើយបានកសាងរួច នូវបណ្តាញរថភ្លើងល្បឿនលឿនដែលមានទ្រង់ទ្រាយធំបំផុត កម្រិតទំនើបកម្មខ្ពស់បំផុតនិងទិដ្ឋភាពដាក់ឱ្យដំណើរការ សម្បូរបែបបំផុតនៅលើពិភពលោក។ ចម្ងាយប្រតិបត្តិការសរុបនៃផ្លូវដែកល្បឿនលឿនមានប្រវែងលើសពី ៥ ម៉ឺនគីឡូម៉ែត្រ គឺមានសមាមាត្រលើសពី៧០ ភាគរយនៃពិភពលោកទាំងមូលដែលបានគ្របដណ្តប់ទីក្រុង ៩៧ ភាគរយដែលមាន ចំនួនប្រជាជនជាង ៥០ ម៉ឺននាក់នៅទូទាំងប្រទេសចិន ។ ការធានាសន្តិសុខស្បៀងអាហារកាន់តែរឹងមាំ ទិន្នផលស្បៀងប្រចាំឆ្នាំ បានរក្សាចំនួនលើសពី ០,៦៥ ទ្រីលានគីឡូក្រាមក្នុងរយៈពេល ១១ ឆ្នាំជាប់ៗគ្នាដែលសុទ្ធតែបានលើសពី ០,៧ ទ្រីលានគីឡូក្រាមក្នុងរយៈពេលជិតពីរឆ្នាំចុងក្រោយនេះ ហើយទិន្នផលដូចជា អង្ករ ស្រូវសាលី សាច់ បន្លែនិងផ្លែឈើជាដើម សុទ្ធតែបានជាប់ចំណាត់ថ្នាក់លេខ ១ លើពិភពលោក ។ នៅពីក្រោយសន្ទស្សន៍បរិមាណជាក់ស្តែងទាំងនេះ គឺជាសមត្ថភាពផលិតកម្ម ដ៏ខ្លាំងក្លានិងប្រព័ន្ធឧស្សាហកម្មដ៏ល្អពេញលេញ ដែលបានផ្តល់ការគាំទ្រយ៉ាងពេញទំហឹង សម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។
កម្លាំងផលិតកម្មគុណភាពថ្មីដែលទទួលបាន ការអភិវឌ្ឍនិងការវិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់បានផ្តល់ជា ក្បាលម៉ាស៊ីនដ៏ខ្លាំងក្លា សម្រាប់សេដ្ឋកិច្ចចិន។ សមត្ថភាពច្នៃប្រឌិតថ្មីរបស់ចិនត្រូវបានលើកកម្ពស់យ៉ាងលេចធ្លោ ដែលបានក្លាយជាប្រទេសទីមួយ នៅលើពិភពលោកដែលមានចំនួនប្រកាសនីយបត្រតក្កកម្មជាតិលើសពី ៥ លាន ហើយចំនួនប្រកាសនីយបត្រតក្កកម្មអន្តរជាតិ យោងតាម «សន្ធិសញ្ញាស្តីពីកិច្ចសហប្រតិបត្តិការផ្នែកប៉ាតង់» (PCT) បានជាប់ចំណាត់ថ្នាក់ទីមួយនៅទូទាំង ពិភពលោកក្នុងរយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា ។ នៅឆ្នាំ ២០២៥ ក្នុងចំណោមក្រុមច្នៃប្រឌិតថ្មីផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាកំពូល ១០០ លើទូទាំងពិភពលោក ប្រទេសចិនមានចំនួន ២៤ ក្រុម ដែលបានជាប់ចំណាត់ថ្នាក់ទីមួយ នៅទូទាំងពិភពលោក ក្នុងរយៈពេល ៣ ឆ្នាំជាប់ៗគ្នា ។ ឧស្សាហកម្មងើបឡើងថ្មីបានវិវឌ្ឍរីកចម្រើនក្នុងល្បឿនលឿន នៅឆ្នាំ ២០២៥ សមាមាត្រនៃតម្លៃ បន្ថែមនៃឧស្សាហកម្មស្នូលផ្នែកសេដ្ឋកិច្ចឌីជីថលមានចំនួនលើសពី ១០ ភាគរយនៃ GDP ។ ការពិតជាក់ស្តែងបានបញ្ជាក់ថា សមត្ថភាពពឹងផ្អែកលើខ្លួនឯងដោយ ភាពជាស្វ័យម្ចាស់ការរបស់ប្រទេសចិន ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ លទ្ធផលជាផ្លែផ្កានៃការច្នៃប្រឌិតថ្មី ដោយស្វ័យម្ចាស់ការបានរំលេចចេញយ៉ាងឆាប់រហ័ស ហើយការច្នៃប្រឌិតថ្មីបាននិងកំពុង បំពេញបន្ថែមនូវកម្លាំងចលករឥតឈប់ឈរ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសចិន។
សកម្មភាពគម្របព្រៃឈើទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់។ ក្នុងអំឡុងពេលអនុវត្តផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៤ ទំហំដាំដើមឈើរបស់ចិនមានចំនួនលើសពី ១២ លានហិកតា។ យោងតាមទិន្នន័យរបស់អង្គការសហប្រជាជាតិបានបង្ហាញថា ក្នុងរយៈពេលជិត ១០ ឆ្នាំចុងក្រោយនេះ ប្រទេសចិនបានរួមចំណែកប្រហែលពាក់កណ្តាលនៃការកើនឡើង នៃទំហំព្រៃឈើសិប្បនិម្មិត លើទូទាំងពិភពលោក ។ ការអនុវត្តការរួមចំណែកជាតិដោយម្ចាស់ការនៅឆ្នាំ ២០៣០ ទទួលបានលទ្ធផលយ៉ាងលេចធ្លោនិងបានប្រកាសយ៉ាងឱឡារិកពីគោលដៅស្តីពីការរួមចំណែកជាតិជុំថ្មីដោយស្វ័យម្ចាស់ការ ប្រទេសចិនបានក្លាយជាអ្នកនាំមុខដ៏សំខាន់ ក្នុងការអភិបាលកិច្ចអាកាសធាតុសកល។
ការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៤ បញ្ចប់យ៉ាងគាប់ប្រសើរ ផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ កំពុងបន្តចាប់ដំណើរការ ។ ឈរនៅលើទីចាប់ផ្តើមថ្មីនៃប្រវត្តិសាស្ត្រ យើងមិនត្រឹមតែត្រូវយកចិត្តទុកដាក់ចំពោះ "ទំហំ" នៃទិន្នន័យអភិវឌ្ឍន៍សេដ្ឋកិច្ចប៉ុណ្ណោះ ទេ ថែមទាំងក៏ត្រូវផ្តោតសំខាន់លើ "គុណភាព" នៅពីក្រោយទិន្នន័យទាំងនេះផងដែរ ហើយគូសបញ្ជាក់ពីសក្តានុពល នៃការអភិវឌ្ឍសេដ្ឋកិច្ច និងជំរុញការអភិវឌ្ឍដោយគ្រប់ជ្រុងជ្រោយរបស់មនុស្សជាតិ បន្តបោះជំហានឆ្ពោះទៅមុខ ដើម្បីសម្រេចបានគោលដៅ ដ៏មហិមាស្តីពីការធ្វើទំនើបកម្មតាមបែបផែនចិន៕
វិទ្យុមិត្តភាពកម្ពុជាចិន







