បទវិភាគ៖ «ភាពប្រាកដប្រជា» នៃសេដ្ឋកិច្ចចិន ទទួលបានការទទួលស្គាល់យ៉ាងទូលំទូលាយពីសំណាក់សហគមន៍អន្តរជាតិ

10-02-2026 18:03

(ប៉េកាំង)៖ “ឧត្តមភាពអភិវឌ្ឍន៍ដ៏ជាក់លាក់ ទិសដៅគោលនយោបាយដ៏ជាក់លាក់ វិធានការកំណែទម្រង់ដ៏ជាក់លាក់ និងថវិកាខាងជីវភាពរស់នៅរបស់ប្រជាជនដ៏ជាក់លាក់ ។ល។” ក្នុងពិភពលោកដែលពោរពេញទៅដោយបម្រែបម្រួល ប្រការទាំងនេះសុទ្ធតែជា “ភាពប្រាកដប្រជា”នៃសេដ្ឋកិច្ចចិនដែលអាចមើលឃើញ និងស្ទាបផ្ទាល់បាននៅឆ្នាំ២០២៦ ។ ភាពប្រាកដប្រជាបែបនេះ មិនត្រឹមតែមានសារសំខាន់ចំពោះយើងប៉ុណ្ណោះទេ ថែមទាំងក៏ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ ពីសំណាក់សហគមន៍អន្តរជាតិផងដែរ។

ប៉ុន្មានឆ្នាំកន្លងទៅនេះ បរិយាកាសខាងក្រៅមានភាពតានតឹង។ កំណើនសេដ្ឋកិច្ចពិភពលោកមានកម្លាំងចលករដ៏ទន់ខ្សោយ ការប៉ះទង្គិចភូមិសាស្ត្រនយោបាយកើតឡើងជាញឹកញាប់ ហើយនៅតែមានកត្តាមិនប្រាកដប្រជាជាច្រើនក្នុងបរិយាកាស ពាណិជ្ជកម្មអន្តរជាតិផងដែរ។ ទូទាំងពិភពលោកសុទ្ធតែរស់នៅដោយមិនស្ងប់សុខ ហើយប្រទេសចិនក៏ពិបាកយកសុខ តែខ្លួនឯងនោះដែរ ។ ដូច្នេះ តើសេដ្ឋកិច្ចចិនអាចពុះពារឧបសគ្គទាំងនេះបានទេ? ចម្លើយនោះគឺអាចបាន ។ ការមានជំនឿចិត្ត មិនមែនមានន័យថាមានសុទិដ្ឋិនិយមទាំងងងឹតងងុលនោះទេ។ តែគឺមកពីការគាំទ្រយ៉ាងប្រាកដប្រជា។

ជាបឋម សេដ្ឋកិច្ចចិននៅឆ្នាំ២០២៥អាចបោះជំហានសម្រេចបាននូវទំហំ ១៤០ទ្រីលានយាន់ប្រាក់ចិនក្នុងបរិយាកាសដ៏ស្មុគ្រស្មាញ ម៉ាក្រូគោលនយោបាយបានដើរតួនាទីគាំទ្រដ៏សំខាន់ ។ ឆ្នាំនេះប្រទេសចិននឹងបន្តអនុវត្តម៉ាក្រូគោលនយោបាយដ៏វិជ្ជមាន និងប្រកបដោយការរំពឹងទុក ហើយបង្កើនកម្លាំងលើវិស័យលំនឹងឱកាសការងារ លំនឹងសហគ្រាសលំនឹងទីផ្សារ និងលំនឹងការរំពឹងទុក។ ការលំនឹងឱកាសការងារ សំខាន់គឺត្រូវលំនឹងសហគ្រាស ។ គោលនយោបាយនឹងបង្កើនកម្លាំងគាំទ្រ ចំពោះសហគ្រាសមធ្យមនិងតូចនិងសហគ្រាសឯកជន ឆ្លងតាមរយៈការកាត់បន្ថយពន្ធដារនិងបញ្ចុះថ្លៃសេវារដ្ឋបាល និងការគាំទ្រខាងសហហិរញ្ញប្បទាន ដើម្បីនាំឱ្យសហគ្រាសទាំងនេះអាចមានការអភិវឌ្ឍយ៉ាងល្អប្រសើរ ។ តាក់តែងលក្ខន្តិកៈសម្រាប់កសាងទីផ្សារជាតិបង្រួបបង្រួម ធ្វើឱ្យការអនុវត្តច្បាប់ពាក់ព័ន្ធនឹងសហគ្រាសមានបទដ្ឋាន ដើម្បីធ្វើឱ្យក្បួនច្បាប់ទីផ្សារកាន់តែមានតម្លាភាពនិងបរិយាកាសកាន់តែមានភាពងាយស្រួល។

ជាកិច្ចបន្ទាប់ ក្នុងវិស័យប្រើប្រាស់ទំនិញ នៅឆ្នាំ២០២៦ គោលនយោបាយ “យករបស់ចាស់ប្តូរការបញ្ចុះតម្លៃសម្រាប់ទិញរបស់ថ្មី”ត្រូវបានកែលម្អថែមមួយកម្រិតទៀត ការយកគ្រឿងអគ្គិសនីប្រើប្រាស់ក្នុងផ្ទះចាស់ៗប្តូរការបញ្ចុះតម្លៃ សម្រាប់ទិញគ្រឿងអគ្គិសនីថ្មី បានផ្តោតលើទិសដៅបៃតង បច្ចុប្បន្ននេះ ប្រាក់ទុនសម្រាប់ “យករបស់ចាស់ប្តូរការបញ្ចុះតម្លៃសម្រាប់ទិញរបស់ថ្មី”ដែលមានទំហំលើសពី៦ម៉ឺន២ពាន់៥រយលានយាន់ប្រាក់ចិន ត្រូវបានចែកចាយរួចហើយ ។ គោលនយោបាយ “យករបស់ចាស់ប្តូរការបញ្ចុះតម្លៃសម្រាប់ទិញរបស់ថ្មី” នៅឆ្នាំ២០២៥បានជំរុញការលក់ដូរទំនិញពាក់ព័ន្ធក្នុងតម្លៃ លើសពី២,៦ទ្រីលានយាន់ប្រាក់ចិន ហើយតាមការព្យាករណ៍ ប្រសិទ្ធភាពនៃការជំរុញបែបនេះនៅឆ្នាំ២០២៦ក៏មិនតូចទេ។

ក្នុងវិស័យប្រើប្រាស់ខាងសេវាកម្ម ឆ្នាំនេះនឹងផ្តោតលើវិស័យដូចជា គមនាគមន៍ ការផ្តល់សេវាធ្វើការងារក្នុងផ្ទះ ការសម្តែងកម្មវិធីសិល្បៈ និងការប្រកួតកីឡាជាដើម ដែលពូនជ្រំយ៉ាងសកម្មនូវចំណុចកំណើនថ្មីក្នុងការប្រើប្រាស់ខាងសេវាកម្ម ហើយក៏នឹងជំរុញការអនុវត្តជាក់ស្តែងនូវការឈប់សម្រាកដែលមានប្រាក់ខែនៅពេលវេលាខុសគ្នា និងផ្សព្វផ្សាយការឈប់សម្រាករដូវផ្ការីកនិងរដូវរំហើយនៃបឋមសិក្សានិងមធ្យមសិក្សានៅតាមលក្ខខ័ណ្ឌតំបន់ដែលអាចអនុវត្តបាន ដើម្បីនាំឱ្យការប្រើប្រាស់របស់អ្នកផងទាំងពួង កាន់តែមានផាសុកភាព។

ចិនមានឧត្តមភាពខាងប្រព័ន្ធឧស្សាហកម្មដ៏ពេញលេញ ឧត្តមភាពខាងទីផ្សារទ្រង់ទ្រយធំ ឧត្តមភាពខាងធនធានមនុស្ស ដ៏សម្បូរបែបនិងឧត្តមភាពរបបសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិន ដែលអាចប្រមូលផ្តុំកម្លាំងធ្វើកិច្ចការធំៗ និងមានសមត្ថភាពឆ្លើយតបនឹងហានិភ័យនិងបញ្ហាប្រឈមគ្រប់បែបយ៉ាង ។ ដូចលោក Bill Winters អគ្គនាយកនៃក្រុមហ៊ុន Standard Chartered បានរំពឹងទុកចំពោះសេដ្ឋកិច្ចចិនថា នៅឆ្នាំ២០២៦ រដ្ឋាភិបាលចិននឹងបន្តជំរុញការប្រើប្រាស់ និងពង្រីកការវិនិយោគប្រកបដោយប្រសិទ្ធភាព ព្រមពេលជាមួយគ្នានេះ ក៏មានកត្តាវិជ្ជមានដូចជាឧត្តមភាពខាងការនាំចេញ និងភាពរីកចម្រើនខាងបច្ចេកវិទ្យាជាបន្តបន្ទាប់ជាដើមផងដែរ លោកជឿជាក់ថា នៅឆ្នាំ២០២៦ សេដ្ឋកិច្ចចិននឹងបន្តកើនឡើង ប្រកបដោយភាពល្អប្រសើរនិងនឹងនរ៕

វិទ្យុមិត្តភាពកម្ពុជាចិន