ឥណ្ឌូណេស៊ីថា កងកម្លាំងរក្សាសន្តិភាពនៅហ្គាហ្សាអាចមាន ២០,០០០នាក់ ក្នុងនោះខ្លួនអាចជួយ ៨,០០០នាក់ (Video inside)
10-02-2026 18:48
(ហ្សាការតា)៖ អ្នកនាំពាក្យប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាសេត្យូ ហាឌី (Prasetyo Hadi) បានប្រកាសនៅថ្ងៃអង្គារនេះថា កងកម្លាំងរក្សាសន្តិភាពពហុជាតិសាសន៍ដែលគ្រោងនឹងដាក់ពង្រាយនៅហ្គាហ្សា អាចមានចំនួនសរុបប្រហែល ២០,០០០នាក់ ដោយក្នុងនោះឥណ្ឌូណេស៊ីប៉ាន់ប្រមាណថាអាចចូលរួមចំណែករហូតដល់ ៨,០០០នាក់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ទោះបីជាយ៉ាងនេះក្តី លោកបានបញ្ជាក់ថា មកទល់ពេលនេះមិនទាន់មានការព្រមព្រៀងលើលក្ខខណ្ឌនៃការដាក់ពង្រាយ ឬតំបន់ប្រតិបត្តិការជាក់លាក់នៅឡើយទេ។ ការត្រៀមខ្លួននេះគឺសម្រាប់ករណីដែលមានកិច្ចព្រមព្រៀងសន្តិភាព។
ទាក់ទងនឹង «ក្រុមប្រឹក្សាសន្តិភាព» របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ លោក ប្រាសេត្យូ បានឱ្យដឹងថា នឹងមានការចរចាជាមុនសិន មុនពេលឥណ្ឌូណេស៊ីសម្រេចចិត្តបង់ប្រាក់ ១ពាន់លានដុល្លារដែលតម្រូវសម្រាប់សមាជិកភាពអចិន្ត្រៃយ៍។
ដោយឡែក ក្រសួងការពារជាតិឥណ្ឌូណេស៊ីក៏បានបដិសេធរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល ដែលថាទាហានឥណ្ឌូណេស៊ីនឹងត្រូវដាក់ពង្រាយនៅតំបន់ Rafah និង Khan Younis ដោយបញ្ជាក់ថា ផែនការនៅតែស្ថិតក្នុងដំណាក់កាលត្រៀមលក្ខណៈ និងសម្របសម្រួលនៅឡើយ៕




