ប្រធានាធិបតី Macron ព្រមានអឺរ៉ុបឱ្យត្រៀមខ្លួនទប់ទល់នឹងអាមេរិក និងជំរុញកំណែទម្រង់បន្ទាន់ (Video inside)

10-02-2026 19:37

(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានព្រមាននៅថ្ងៃអង្គារនេះថា អឺរ៉ុបត្រូវតែត្រៀមខ្លួនសម្រាប់ការប្រឈមមុខដាក់គ្នាបន្ថែមទៀតជាមួយសហរដ្ឋអាមេរិក និងគួរចាត់ទុកវិបត្តិនាពេលថ្មីៗនេះដែលលោកហៅថា «Greenland moment» ជាសញ្ញាដាស់តឿនដើម្បីជំរុញកំណែទម្រង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងបទសម្ភាសន៍ជាមួយកាសែតអឺរ៉ុបជាច្រើន លោក Macron បានសង្កត់ធ្ងន់ថា «នៅពេលមានសកម្មភាពឈ្លានពានច្បាស់លាស់ យើងមិនគួរឱនក្បាល ឬព្យាយាមសម្របសម្រួលនោះទេ។ យើងបានសាកល្បងយុទ្ធសាស្ត្រនោះរាប់ខែមកហើយ វាមិនដំណើរការទេ»។

លោកបានចោទប្រកាន់រដ្ឋបាលលោក ត្រាំ ថាមានចរិត «ប្រឆាំងនឹងអឺរ៉ុបដោយបើកចំហ» និងមានបំណងចង់បំបែកបំបាក់សហភាពអឺរ៉ុប។ លោកបានព្យាករណ៍ថា នៅប៉ុន្មានខែខាងមុខ សហរដ្ឋអាមេរិកនឹងវាយប្រហារអឺរ៉ុបជុំវិញបទប្បញ្ញត្តិឌីជីថល និងអាចដាក់ពន្ធគយបន្ថែម ប្រសិនបើអឺរ៉ុបប្រើប្រាស់ច្បាប់សេវាកម្មឌីជីថល ដើម្បីគ្រប់គ្រងក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក។

លោក Macron បានជំរុញឱ្យមេដឹកនាំ EU ប្រើប្រាស់កិច្ចប្រជុំកំពូលនៅបែលហ្ស៊ិកក្នុងសប្តាហ៍នេះ ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែង និងអំណាចរបស់ប្លុកនេះនៅលើឆាកអន្តរជាតិ ដើម្បីអាចតតាំងជាមួយចិន និងសហរដ្ឋអាមេរិកបាន៕