លោកស្រី Kallas៖ អឺរ៉ុបនឹងដាក់លក្ខខណ្ឌទាមទារ «សម្បទាន» ពីរុស្ស៊ីក្នុងកិច្ចព្រមព្រៀងសន្តិភាព (Video inside)

10-02-2026 22:07

(ព្រុចសែល)៖ ប្រមុខគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោកស្រី Kaja Kallas បានប្រកាសនៅថ្ងៃអង្គារនេះថា លោកស្រីនឹងស្នើបញ្ជីនៃសម្បទានដែលអឺរ៉ុបគួរទាមទារពីរុស្ស៊ី ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោកស្រីបានសង្កត់ធ្ងន់ថា «អ្នករាល់គ្នានៅជុំវិញតុចរចា រួមទាំងរុស្ស៊ី និងអាមេរិក ត្រូវយល់ថា អ្នកត្រូវការការយល់ព្រមពីអឺរ៉ុបដើម្បីឱ្យមានកិច្ចព្រមព្រៀងសន្តិភាព»។
ប្រមុខគោលនយោបាយការបរទេសសហភាពអឺរ៉ុបរូបនេះបានបន្ថែមថា «ហើយសម្រាប់រឿងនោះ យើងក៏មានលក្ខខណ្ឌដែរ។ ហើយយើងគួរតែដាក់លក្ខខណ្ឌទៅលើរុស្ស៊ី មិនមែនដាក់លើអ៊ុយក្រែនទេ ដែលត្រូវបានគេដាក់សម្ពាធខ្លាំងរួចទៅហើយ»៕