អាជ្ញាធរសុខាភិបាល៖​ អ៊ីស្រាអែលវាយប្រហារហ្គាហ្សាសម្លាប់មនុស្ស ៥នាក់ទៀត

10-02-2026 22:57

(ហ្គាហ្សា)៖ អាជ្ញាធរសុខាភិបាលបានរាយការណ៍នៅថ្ងៃអង្គារនេះថា ការវាយប្រហារតាមផ្លូវអាកាស និងការបាញ់ប្រហាររបស់កងកម្លាំងអ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៥នាក់នៅទូទាំងតំបន់ហ្គាហ្សា។ អំពើហិង្សានេះកំពុងគំរាមកំហែងដល់បទឈប់បាញ់ដែលមានរយៈពេល ៤ខែ ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រុមគ្រូពេទ្យបានបញ្ជាក់ថា នៅតំបន់ Deir Al-Balah ភាគកណ្តាលហ្គាហ្សា មនុស្សពីរនាក់ដែលជិះកង់អគ្គិសនីត្រូវបានសម្លាប់ដោយការវាយប្រហារផ្លូវអាកាស ហើយស្ត្រីម្នាក់ទៀតត្រូវបានសម្លាប់ដោយដ្រូន។ ក្រៅពីនេះ បុរសម្នាក់ត្រូវបានបាញ់សម្លាប់នៅ Khan Younis និងម្នាក់ទៀតនៅ Jabalia។

យោធាអ៊ីស្រាអែលបានអះអាងថា ប្រតិបត្តិការនេះគឺជាការឆ្លើយតបទៅនឹងឧប្បត្តិហេតុកាលពីថ្ងៃចន្ទ នៅពេលដែលសកម្មប្រយុទ្ធ ៤នាក់នៅ Rafah បានចេញពីរូងក្រោមដី ហើយបើកការបាញ់ប្រហារលើកងទ័ព៕