រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក សារភាពថាពិតជាបានហូបអាហារជាមួយលោក Epstein តែបដិសេធទំនាក់ទំនងជិតស្និទ្ធ (Video inside)
11-02-2026 09:14
(វ៉ាស៉ីនតោន)៖ ប្រឈមនឹងការអំពាវនាវកាន់តែច្រើនឡើងឱ្យចុះចេញពីតំណែង រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោក Howard Lutnick បានទទួលស្គាល់កាលពីថ្ងៃអង្គារ ទី១០ ខែកុម្ភៈថាពិតជាបានហូបអាហារថ្ងៃត្រង់នៅលើកោះឯកជនមួយរបស់ Jeffrey Epstein ក្នុងឆ្នាំ២០១២ តែបានបដិសេធដាច់ខាតពីទំនាក់ទំនងជិតស្និទ្ធជាមួយពិរុទ្ធជនរំលោភបំពានផ្លូវភេទរូបនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ទំនាក់ទំនងរបស់លោក Lutnick ជាមួយលោក Epstein បាន និងកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត បន្ទាប់ពីសារអេឡិចត្រូនិក Email ឆ្លើយឆ្លងគ្នាជាច្រើនត្រូវបានបញ្ចូល ក្នុងឯកសារថ្មីមួយដែលត្រូវបានចេញផ្សាយដោយក្រសួងយុត្តិធម៌អាមេរិកកាលពីពេលថ្មីៗនេះ។ សារអេឡិចត្រូនិកទាំងនោះបានបំផ្លាញនូវអ្វីដែលលោក Lutnick បានអះអាងថា លោកបានកាត់ផ្ដាច់ទំនាក់ទំនងជាមួយពិរុទ្ធជនផ្លូវភេទរូបនេះតាំងតែពីឆ្នាំ២០០៥មកម្ល៉េះ។ លោក Lutnick បានអះអាងថារូបលោកបានហូបអាហារតែមួយម៉ោងប៉ុណ្ណោះ ជាមួយលោក Epstein និងបានស្ថិតនៅលើកោះនោះសម្រាកវិសម្សកាលជាមួយក្រុមគ្រួសារ។
យ៉ាងណាក៏ដោយ មកទល់នឹងពេលនេះ រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅតែបន្តគាំទ្រលោក Lutnick ដោយអ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បាននិយាយថាលោក ត្រាំ គាំទ្រលោក Lutnick យ៉ាងពេញទំហឹង។ លោកស្រីបន្ថែមថារដ្ឋមន្ត្រីពាណិជ្ជកម្មរូបនេះនៅតែជាសមាជិកដ៏សំខាន់បំផុតម្នាក់នៃក្រុមការងារសេតវិមានរបស់លោក ត្រាំ។
គួរបញ្ជាក់ថា លោក Jeffrey Epstein គឺជាមហាសេដ្ឋីអាមេរិកម្នាក់ជាប់ពិរុទ្ធពីបទរំលោភបំពានផ្លូវភេទលើស្ត្រី។ ស្ត្រីជាជនរងគ្រោះជាច្រើននាក់ មានខ្លះអាយុ១៤ឆ្នាំ បានដាក់ពាក្យប្ដឹងប្រឆាំងលោក Epstein ថាបានរំលោភបំពានផ្លូវភេទ និងកេងប្រវ័ញ្ចផ្លូវភេទ ហើយថាលោកជាមនុស្សល្មោភកាមបំផុត។ លោក Epstein ត្រូវបានគេប្រទះឃើញស្លាប់ដោយចងក នៅក្នុងបន្ទប់ឃុំឃាំងកាលពីឆ្នាំ២០១៩។ ប្រភពពីមន្ទីរឃុំឃាំងបានបញ្ជាក់ថាគឺការស្លាប់នេះទំនងជាការធ្វើអត្តឃាត។ ប៉ុន្តែចាប់តាំងពីពេលនោះមក ក៏មានការសង្ស័យដែរថាលោកអាចត្រូវបានគេសម្លាប់បំបិទមាត់ ដោយសារតែមានជាប់ពាក់ព័ន្ធនឹងមនុស្សមានអំណាចធំៗ៕




