មេដឹកនាំតៃវ៉ាន់៖ ប្រឈមនឹងការគំរាមកំហែង ការពង្រឹងសមត្ថភាពយោធាមិនអាចពន្យារពេលទេ (Video inside)

11-02-2026 10:36

(តៃប៉ិ)៖ មេដឹកនាំតៃវ៉ាន់ លោក Lai Ching-te នៅថ្ងៃពុធ ទី១១ ខែកុម្ភៈបានជំរុញឱ្យរដ្ឋសភាគ្រប់គ្រងដោយគណបក្សប្រឆាំងអនុម័តកញ្ចប់ថវិកាការពារជាតិពិសេស ៤០ពាន់លានដុល្លាររបស់លោក ដោយនិយាយថាការពង្រឹងសមត្ថភាពយោធាមិនអាចពន្យារពេលបានឡើយ នៅចំពោះមុខការកើនឡើងការគំរាមកំហែងដូចសព្វថ្ងៃ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Lai កាលពីឆ្នាំ២០២៥ បានស្នើឡើងនូវការបង្កើនកញ្ចប់ថវិកាយោធាដើម្បីទប់ទល់ជាមួយចិនដែលចាត់ទុកតៃវ៉ាន់ជាទឹកដីរបស់ខ្លួន។ ប៉ុន្តែ រដ្ឋសភាគ្រប់គ្រងដោយគណបក្សប្រឆាំងមិនគាំទ្រសំណើ របស់លោក Lai នោះទេ ដោយពួកគេយល់ថាសំណើកញ្ចប់ថវិការបស់លោកមានទំហំធំពេក ហើយថែមទាំងបន្ទោសលោក Lai ថាជាអ្នកបង្កឱ្យមានភាពជាប់គាំងទៀតផង។ ថ្លែងទៅកាន់ ក្រុមអ្នកសារព័ត៌មាននៅឯការិយាល័យរបស់លោក លោក Lai បាននិយាយថារូបលោកមិនដែលបានស្នើឱ្យសមាជិកសភាអនុម័តកញ្ចប់ថវិកាដោយមិនមានលក្ខខណ្ឌទេ និងបានបញ្ជាក់ឡើងវិញថា រដ្ឋាភិបាលរបស់លោករីករាយក្នុងការពន្យល់លម្អិតពីផែនការរបស់ខ្លួន។

តាមលោក Lai Ching-te ប្រឈមមុខនឹងការកើនឡើងភាពតានតឹងជាមួយចិន ការពង្រឹងសមត្ថភាពយោធាមិនអាចត្រូវពន្យារពេលបានទេ។ លោកបន្ថែមថាតៃវ៉ាន់ចង់បានសន្តិភាព តែមិនអាច ធ្វេសប្រហែសបានឡើយ ហើយការពង្រឹងសមត្ថភាពការពារជាតិរបស់តៃវ៉ាន់ក៏មិនមែនដើម្បីឈ្លានពានប្រទេសណាមួយនោះទេ ប៉ុន្តែគឺដើម្បីការពារខ្លួនឯងតែប៉ុណ្ណោះ៕