មេដឹកនាំក្រុមឧទ្ទាមប្រដាប់អាវុធនៅមីយ៉ាន់ម៉ា រិះគន់ថាពិភពលោកកំពុងបិទភ្នែក ចំពោះការវាយប្រហារតាមផ្លូវអាកាសដ៏សាហាវរបស់រដ្ឋាភិបាលយោធា (Video inside)
11-02-2026 15:10
(មីយ៉ាន់ម៉ា)៖ មេដឹកនាំរបស់ក្រុមឧទ្ទាមប្រដាប់អាវុធជនជាតិភាគតិចដ៏មានឥទ្ធិពលមួយ នៅប្រទេសមីយ៉ាន់ម៉ា បានចោទប្រកាន់ថា បណ្តាមេដឹកនាំពិភពលោកកំពុងពង្រើយកន្តើយ ចំពោះការកើនឡើងយ៉ាងគំហុក នៃការវាយប្រហារតាមផ្លូវអាកាសដ៏សាហាវ របស់រដ្ឋាភិបាលយោធាលើជនស៉ីវិល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៦។
លោក Yawd Serk ដែលជាមេដឹកនាំក្រុមឧទ្ទាមជនជាតិភាគតិចធំមួយប្រចាំនៅរដ្ឋ Shan ហៅកាត់ថា RCSS/SSA បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ក្នុងកិច្ចសម្ភាសផ្តាច់មុខមួយថា «ជនស៉ីវិលកំពុងតែរងទុក្ខវេទនា ហើយខ្ញុំចង់ឱ្យសហគមន៍អន្តរជាតិ ឈប់ជ្រើសរើសមិនអើពើតទៅទៀត។ សព្វថ្ងៃនេះ យើងមិនដឹងថា អាចពឹងពាក់លើនរណាទេ»។
មេដឹកនាំក្រុមឧទ្ទាមខាងលើ បានលើកឡើងថា ពិភពលោកបានបរាជ័យក្នុងការទប់ស្កាត់ភាពវឹកវរនៅប្រទេសមីយ៉ាន់ម៉ា ស្របពេលដែលរបបសឹកកាន់តែបង្កើនយុទ្ធនាការទម្លាក់គ្រាប់បែក នៅពាសពេញផ្ទៃប្រទេស ដោយលោកយោងតាមទិន្នន័យពីក្រុមឃ្លាំមើល Myanmar Peace Monitor ដែលបង្ហាញថា ការវាយប្រហារតាមផ្លូវអាកាសរបស់យោធា ត្រូវបានធ្វើឡើងចំទីតាំងស៉ីវិលច្រើនជាង១០០០កន្លែង ក្នុងរយៈពេល១៥ខែចុងក្រោយ។
ជាមួយគ្នានោះ លោក Yawd Serk បានអំពាវនាវឱ្យមានការកសាងទំនុកចិត្ត ក្នុងចំណោមក្រុមប្រដាប់អាវុធជនជាតិភាគតិចដ៏ច្រើនរបស់មីយ៉ាន់ម៉ា ហើយលោកបានបន្ថែមថា កិច្ចសន្ទនានយោបាយជាមួយយោធា នៅតែជារឿងចាំបាច់ដើម្បីបញ្ចប់សង្រ្គាមស៉ីវិល ដែលបាននិងកំពុងហែកហួរប្រទេសអាស៊ានមួយនេះ អស់រយៈពេលប៉ុន្មានឆ្នាំមកហើយ។
មីយ៉ាន់ម៉ាបានធ្លាក់ក្នុងភ្លើងជម្លោះទូទាំងប្រទេស ចាប់តាំងពីរដ្ឋប្រហារយោធាឆ្នាំ២០២១ ដែលបានផ្តួលរំលំរដ្ឋាភិបាលស៉ីវិល របស់លោកស្រី អោងសាន ស៊ូជី។ ចាប់តាំងពីចុងឆ្នាំ២០២៤មក ការវាយប្រហារតាមអាកាស បានសម្លាប់ជនស៉ីវិលយ៉ាងហោច១៧២៨នាក់ ហើយបានធ្វើឱ្យអន់ថយភាពរីកចម្រើនលើសមរភូមិសម្រាប់ក្រុមឧទ្ទាម ដ្បិតពួកគេមិនមានកងទ័ពអាកាស។ ខាងរដ្ឋាភិបាលយោធា បានអះអាងថា ការវាយប្រហារទាំងនោះ គឺកំណត់គោលដៅលើក្រុមដែលខ្លួនចាត់ទុកជា ភេរវករ។
គួរបញ្ជាក់ថា កាលពីខែមករាកន្លងទៅ គណបក្សគាំទ្រដោយយោធា បានទទួលជ័យជម្នះដាច់ ក្រោយការបោះឆ្នោតសកល ដែលអង្គការសហប្រជាជាតិ និងក្រុមឃ្លាំមើលសិទ្ធិមនុស្ស បាននាំគ្នារិះគន់ថា រៀបចំឡើងដើម្បីរក្សាអំណាចរបស់យោធា ដ្បិតប្រមុខរបបសឹក លោកឧត្តមសេនីយ៍ Min Aung Hlaing ត្រូវបានរំពឹងថា នឹងកាន់តំណែងជាប្រធានាធិបតី ក្នុងរដ្ឋាភិបាលថ្មីនោះ៕









