ប្រព័ន្ធផ្សព្វផ្សាយ៖ អ៊ុយក្រែន កំពុងគិតគូររៀបចំការបោះឆ្នោតប្រធានាធិបតី និងធ្វើប្រជាមតិលើកិច្ចព្រមព្រៀងសន្តិភាព (Video inside)
11-02-2026 16:34
(កៀវ)៖ កាសែតអាមេរិក Financial Times បានរាយការណ៍នាថ្ងៃពុធ ទី១១ ខែកុម្ភៈ ថាប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី គ្រោងប្រកាសពីផែនការរៀបចំបោះឆ្នោតសកល ក៏ដូចជាការធ្វើប្រជាមតិមួយ នាថ្ងៃទី២៤ ខាងមុខ។
Financial Times បានរាយកាណ៍ដោយដកស្រង់ប្រភពពីក្រុមមន្រ្តីអ៊ុយក្រែន និងលោកខាងលិច ថាឥឡូវនេះ អ៊ុយក្រែនចាប់ផ្តើមរៀបចំផែនការ រៀបចំការបោះឆ្នោតប្រធានាធិបតី រួមជាមួយការធ្វើប្រជាមតិលើកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៉ី។
តាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីសប្តាហ៍មុន ក្រោមក្របខណ្ឌមួយ ដែលកំពុងពិភាក្សាដោយអ្នកចរចាអាមេរិក និងអ៊ុយក្រែន «កិច្ចព្រមព្រៀងសន្តិភាព» នឹងត្រូវដាក់ឱ្យធ្វើប្រជាមតិ ដោយអ្នកបោះឆ្នោតអ៊ុយក្រែន ដែលនឹងគូសសន្លឹកឆ្នោត ក្នុងពេលបោះឆ្នោតសកលតែម្តង។ លទ្ធភាពរៀបចំការបោះឆ្នោតសកល និងការធ្វើប្រជាមតិ អាចនឹងកើតឡើងនៅខែឧសភា៕




