Heineken កាត់បន្ថយការងារជាង ៦០០០កន្លែងទូទាំងពិភពលោក ខណៈតម្រូវការស្រាបៀរធ្លាក់ចុះ (Video inside)

11-02-2026 16:57

(ឡុងដ៏)៖ ក្រុមហ៊ុន Heineken បានប្រកាសពីការកាត់បន្ថយការងារជាង ៦ ០០០កន្លែងពីសាខាទូទាំងពិភពលោក ហើយដាក់ការរំពឹងទុកទាប ជុំវិញកំណើនប្រាក់ចំណេញឆ្នាំ ២០២៦ ខណៈក្រុមហ៊ុនផលិតស្រាបៀរហូឡង់មួយនេះ និងដៃគូរបស់ខ្លួនកំពុងតស៊ូជាមួយតម្រូវការចុះខ្សោយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃពុធ ទី១១ ខែកុម្ភៈ ឆ្នាំ ២០២៦។

លោក Harold van den Broek ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន បានបញ្ជាក់ថា «យើងពិតជាធ្វើបែបនេះមែន ដើម្បីពង្រឹងប្រតិបត្តិការ និងដើម្បីឱ្យការវិនិយោគអាចលូតលាស់»។ លោកបានឱ្យដឹងថា ការ​កាត់​បន្ថយ​ការងារមួយ​ចំនួន​នឹង​ផ្តោត​លើ​ទីផ្សារ​អឺរ៉ុប ឬ​ទីផ្សារ​ដែលថយចុះនូវតម្រូវការ ហើយ​វា​ក៏​​កើត​ចេញ​ពី​គំនិត​ផ្តួចផ្តើម​ពីមុន​ ដែលកំណត់​គោលដៅ​លើ​បណ្តាញ​ផ្គត់ផ្គង់ ការិយាល័យ​កណ្តាល និង​អង្គភាព​អាជីវកម្ម​ក្នុង​តំបន់​របស់ Heineken។

បើគិតពីតម្លៃក្នុងទីផ្សារភាគហ៊ុន Heineken គឺជាក្រុមហ៊ុនផលិតស្រាបៀរលំដាប់លេខ ២លើពិភពលោក ប៉ុន្តែកំពុងប្រឈមមុខ នឹងការខកចិត្តពីអ្នកវិនិយោគ ដែលនិយាយថា មានការធ្លាក់ចុះនូវប្រសិទ្ធភាពការងារ។ ក្នុងពេលជាមួយគ្នា ការលក់នៅទូទាំងវិស័យស្រាបៀរ ក៏កំពុងតែធ្លាក់ចុះដែរ ដោយសារកត្តាតានតឹងផ្នែកហិរញ្ញវត្ថុ ភាពចលាចលខាងភូមិសាស្ត្រនយោបាយ និងអាកាសធាតុអាក្រក់៕