ការបាញ់ប្រហារនៅសាលារៀនមួយក្នុងខេត្តសុងក្លាប្រទេសថៃ, ខ្មាន់កាំភ្លើងចាប់សិស្ស និងគ្រូជាចំណាប់ខ្មាំង

11-02-2026 19:10

(សុងក្លា)៖ រដ្ឋបាលខេត្តសុងក្លា ភាគខាងត្បូងប្រទេសថៃ បានរាយការណ៍នៅថ្ងៃពុធនេះថា ខ្មាន់កាំភ្លើងម្នាក់បាននិងកំពុងចាប់ឃុំខ្លួនសិស្ស និងគ្រូបង្រៀនមួយចំនួនធ្វើជាចំណាប់ខ្មាំងនៅក្នុងសាលារៀនមួយកន្លែង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ប៉ូលិសបានហ៊ុមព័ទ្ធសាលារៀន និងឡោមព័ទ្ធជនសង្ស័យ ខណៈដែលមានសេចក្តីរាយការណ៍ថា សិស្សជាច្រើននាក់នៅតែជាប់គាំងនៅខាងក្នុង។ ព័ត៌មានបឋមបានឱ្យដឹងថា ជនដៃដល់ត្រូវបានប្រដាប់ដោយកាំភ្លើងវែង M4។

សារព័ត៌មានថៃ​​ Khaosod បានឱ្យដឹងថា គិតត្រឹមម៉ោង ០៦:០៤ នាទីល្ងាច សំឡេងកាំភ្លើងនៅតែបន្តឮចេញពីក្នុងសាលារៀន ខណៈអាជ្ញាធរកំពុងដាក់ពង្រាយកងកម្លាំងដើម្បីគ្រប់គ្រងស្ថានការណ៍៕