ប៉ូឡូញ និងអ៊ីតាលី បដិសេធមិនចូលរួម «ក្រុមប្រឹក្សាសន្តិភាព» របស់លោក ត្រាំ (Video inside)

11-02-2026 20:12

(វ៉ារស្សាវ៉ា/រ៉ូម)៖ ប្រទេសប៉ូឡូញ និងអ៊ីតាលី បានប្រកាសនៅថ្ងៃពុធនេះថា ពួកគេនឹងមិនចូលរួមជាមួយ «ក្រុមប្រឹក្សាសន្តិភាព» ដែលដឹកនាំដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រុមប្រឹក្សានេះដែលដំបូងឡើយបង្កើតឡើងដើម្បីពង្រឹងបទឈប់បាញ់នៅហ្គាហ្សា ត្រូវបានប្រទេសមួយចំនួនបារម្ភថាអាចក្លាយជាគូប្រជែងរបស់អង្គការសហប្រជាជាតិ (UN) ជាពិសេសនៅពេលដែលមានការអញ្ជើញរុស្ស៊ី និងបេឡារុសឱ្យចូលរួម។

នាយករដ្ឋមន្ត្រីប៉ូឡូញ លោក ដូណាល់ ទូសក៍ បានថ្លែងថា «ដោយគិតគូរពីមន្ទិលសង្ស័យថ្នាក់ជាតិមួយចំនួនទាក់ទងនឹងរចនាសម្ព័ន្ធ...ប៉ូឡូញនឹងមិនចូលរួមទេ ប៉ុន្តែយើងនឹងបន្តវិភាគ»។

ចំណែកឯរដ្ឋមន្ត្រីការបរទេសអ៊ីតាលី បានប្រាប់ទូរទស្សន៍ Sky TG24 ថា «យើងមិនអាចចូលរួមបានទេ ដោយសារមានឧបសគ្គរដ្ឋធម្មនុញ្ញ»។ រដ្ឋធម្មនុញ្ញអ៊ីតាលីកំណត់ថា ប្រទេសអាចចូលរួមតែអង្គការអន្តរជាតិដែលមានលក្ខខណ្ឌស្មើភាពគ្នាជាមួយរដ្ឋដទៃទៀតប៉ុណ្ណោះ ខណៈលក្ខន្តិកៈបច្ចុប្បន្នផ្តល់អំណាចប្រតិបត្តិខ្លាំងពេកដល់លោក ត្រាំ។ នាយករដ្ឋមន្ត្រី លោកស្រី ចចជា មេឡូនី ធ្លាប់បានស្នើឱ្យលោក ត្រាំ កែប្រែលក្ខខណ្ឌនេះ ដើម្បីឱ្យអ៊ីតាលីអាចចូលរួមបាន៕