NATO ចាប់ផ្តើមបេសកកម្ម «Arctic Sentry» ដើម្បីពង្រឹងសន្តិសុខនៅតំបន់អាក់ទិក (Video inside)
11-02-2026 20:47
(ព្រុចសែល)៖ អង្គការណាតូ (NATO) បានប្រកាសនៅថ្ងៃពុធនេះថា ខ្លួនបានចាប់ផ្តើមដំណើរការបេសកកម្មថ្មីមួយឈ្មោះថា «Arctic Sentry» ក្នុងគោលបំណងពង្រឹងវត្តមានយោធានៅតំបន់អាក់ទិក និងដើម្បីកាត់បន្ថយភាពតានតឹងនៅក្នុងសម្ព័ន្ធភាពដែលបង្កឡើងដោយបំណងរបស់លោក ដូណាល់ ត្រាំ ចង់កាន់កាប់កោះហ្គ្រីនឡែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
បេសកកម្មនេះនឹងសម្របសម្រួលសកម្មភាពយោធារបស់សម្ព័ន្ធមិត្តណាតូ រួមទាំងសមយុទ្ធ «Arctic Endurance» របស់ដាណឺម៉ាកនៅលើកោះហ្គ្រីនឡែន។
ឧត្តមសេនីយ៍ Alexus G. Grynkewich មេបញ្ជាការកំពូលរបស់ណាតូនៅអឺរ៉ុប បានថ្លែងថា «Arctic Sentry គូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សម្ព័ន្ធភាពក្នុងការការពារសមាជិករបស់ខ្លួន និងរក្សាស្ថិរភាពនៅក្នុងតំបន់យុទ្ធសាស្ត្រដ៏សំខាន់បំផុតមួយរបស់ពិភពលោក»។
គួរបញ្ជាក់ថា អង្គការណាតូបានចាប់ផ្តើមរៀបចំផែនការសម្រាប់បេសកកម្មនេះ បន្ទាប់ពីប្រធានាធិបតី ត្រាំ និងអគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បានធ្វើកិច្ចចរចានៅទីក្រុង Davos កាលពីខែមុន នៅពេលដែលវិបត្តិកោះហ្គ្រីនឡែន កំពុងឈានដល់កម្រិតកំពូល ដែលបង្កឡើងដោយការទទូចរបស់លោក ត្រាំ ថា សហរដ្ឋអាមេរិកត្រូវតែជាម្ចាស់ទឹកដីនេះ ដែលជាផ្នែកមួយនៃសម្ព័ន្ធមិត្តអង្គការណាតូ គឺប្រទេសដាណឺម៉ាក៕




