អង់គ្លេស សន្យាផ្ដល់ជំនួយ ២០៥លានដុល្លារ ដើម្បីទិញអាវុធអាមេរិក បញ្ជូនទៅឱ្យអ៊ុយក្រែន (Video inside)

12-02-2026 09:30

(ឡុងដ៍)៖ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក John Healey បាននិយាយថាអង់គ្លេសសន្យាផ្ដល់ជំនួយ ២០៥លានដុល្លារ សម្រាប់កម្មវិធី PURL (Prioritised Ukraine Requirements List) ដែលជាគំនិតផ្ដួចផ្ដើមមួយដើម្បីទិញអាវុធពីសហរដ្ឋអាមេរិកផ្គត់ផ្គង់ទៅឱ្យអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

PURL ត្រូវបានបង្កើតឡើងកាលពីរដូវក្ដៅឆ្នាំមុន ដើម្បីបន្តរក្សាការផ្គត់ផ្គង់អាវុធផលិតដោយសហរដ្ឋអាមេរិកទៅឱ្យអ៊ុយក្រែន ក្នុងពេលដែលជំនួយយោធាថ្មីរបស់អាមេរិកបានជាប់គាំង។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយតាមរយៈសារអេឡិចត្រូនិក លោក John Healey បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំសូមប្រកាសថាចក្រភពអង់គ្លេសសន្យាផ្ដល់ជំនួយ ១៥០លានផោន (ឬ២០៥លានដុល្លារ) សម្រាប់កម្មវិធី PURL។ យើងទាំងអស់គ្នាត្រូវតែផ្ដល់​ឱ្យអ៊ុយក្រែននូវប្រព័ន្ធការពារដែនអាកាសសំខាន់ៗដែលត្រូវការជាចាំបាច់ ជាការឆ្លើយតបទៅនឹង ការវាយប្រហារដ៏ឃោរឃៅរបស់លោក ពូទីន»។

គួរបញ្ជាក់ថា នៅក្រោមកម្មវិធី PURL សម្ព័ន្ធមិត្តលោកខាងលិចអាចផ្ដល់មូលនិធិនយកទៅទិញប្រព័ន្ធការពារដែនអាកាស និងបរិក្ខារយោធាផ្សេងទៀតពីសហរដ្ឋអាមេរិក៕