លោក Lai Ching-te ព្រមានថាប្រទេសផ្សេងទៀតក្នុងតំបន់នឹងក្លាយជាគោលដៅបន្ទាប់ ប្រសិនបើចិនវាយយកបានតៃវ៉ាន់ (Video inside)

12-02-2026 10:01

(តៃប៉ិ)៖ មេដឹកនាំតៃវ៉ាន់ លោក Lai Ching-te បានព្រមានថាបណ្ដាប្រទេសនៅក្នុងតំបន់ អាចនឹងក្លាយជាគោលដៅបន្ទាប់របស់ចិន ប្រសិនបើទីក្រុងប៉េកាំងវាយយកបានតៃវ៉ាន់ដោយ ជោគជ័យ ខណៈរូបលោកទទូចពីភាពចាំបាច់ឱ្យតៃវ៉ាន់ត្រូវពង្រឹងសមត្ថភាពការពារជាតិ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក Lai Ching-te ធ្វើការកត់សម្គាល់បែបនេះនៅក្នុងបទសម្ភាសន៍ជាមួយ AFP ដែលត្រូវបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១២ ខែកុម្ភៈ។ ក្នុងបទសម្ភាសន៍នោះ លោក Lai បាននិយាយថារូបលោកសង្ឃឹមថាសភាតៃវ៉ាន់នឹងអនុម័តកញ្ចប់ថវិកាការពារជាតិពិសេស ៤០ពាន់លានដុល្លាររបស់លោកដើម្បីយកទៅទិញអាវុធមកពង្រឹងសមត្ថភាពយោធា ជាពិសេស គឺទិញអាវុធពីសហរដ្ឋអាមេរិក។

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានព្រមានទីក្រុងវ៉ាស៊ីនតោនប្រឆាំងនឹងការលក់អាវុធឱ្យតៃវ៉ាន់។ ប៉ុន្តែ​ លោក Lai បានលើកឡើងថាសហរដ្ឋអាមេរិកនឹងឈរនៅជាមួយតៃវ៉ាន់ ហើយនឹងមិនចាំបាច់ត្រូវយកតៃវ៉ាន់ជាថ្នូរ ក្នុងកិច្ចចរចាជាមួយចិននោះទេ។ តាមលោក Lai ប្រសិនបើចិនពិតជាអាចគ្រប់គ្រងតៃវ៉ាន់បានដោយជោគជ័យមែន នោះចិននឹងកាន់តែអុងអាត់ រីឯប្រទេសផ្សេងទៀតក្នុងតំបន់អាចនឹងក្លាយជាគោលដៅបន្ទាប់របស់ចិន។ «ប្រសិនបើចិនវាយយកបានតៃវ៉ាន់ នោះមហិច្ឆតាវាតទីរបស់ចិននឹងមិនបញ្ឈប់ត្រឹមតៃវ៉ាន់នោះទេ ហើយប្រទេសដែលអាចក្លាយជាគោលដៅបន្ទាប់រួមមានជប៉ុន ហ្វីលីពីន និងប្រទេសផ្សេងទៀតក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក»។ នេះជាការគូសបញ្ជាក់របស់លោក Lai Ching-te ជាមួយការព្រមានថាសហរដ្ឋអាមេរិក និងអឺរ៉ុបក៏អាចនឹងទទួលផលវិបាកផងដែរ។

គួរបញ្ជាក់ថា ចិនបានចាត់ទុកតៃវ៉ាន់ជាទឹកដីរបស់ខ្លួន ហើយបានព្រមានជារឿយៗថានឹងប្រើប្រាស់កម្លាំងយោធា ដើម្បីយកដែនកោះមួយនេះមកគ្រប់គ្រង នៅក្នុងករណីចាំបាច់៕