លោក ហ្សេលេនស្គី៖ អ៊ុយក្រែននឹងរៀបចំការបោះឆ្នោត លុះត្រាតែមានបទឈប់បាញ់ (Video inside)

12-02-2026 10:47

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃពុធ ទី១១ ខែកុម្ភៈបាននិយាយថាអ៊ុយក្រែននឹងរៀបចំការបោះឆ្នោត លុះត្រាតែខ្លួនទទួលបានការធានាសន្តិសុខ និងមានបទឈប់បាញ់មួយជាមួយរុស្ស៉ី បន្ទាប់ពីមានសេចក្ដីរាយការណ៍ថារូបលោកកំពុងពិចារណាលើការរៀបចំការបោះឆ្នោតនៅក្រោមសម្ពាធពីសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការបោះឆ្នោតនៅក្នុងប្រទេសអ៊ុយក្រែនត្រូវបានផ្អាកដោយសារតែច្បាប់អាជ្ញាសឹកដែលត្រូវបានប្រកាសដាក់ចេញឱ្យអនុវត្ត ចាប់តាំងពីរុស្ស៉ីបើកការឈ្លានពានកាលពីឆ្នាំ២០២២។ ថ្លែងទៅកាន់ ក្រុមអ្នកសារព័ត៌មាន លោក ហ្សេលេនស្គី បានលើកឡើងថាអ៊ុយក្រែននឹងរៀបចំការបោះឆ្នោត លុះត្រាតែមានការធានាសន្តិសុខ និងបទឈប់បាញ់ជាមួយរុស្ស៉ី ហើយថាប្រសិនបើរុស្ស៉ី យល់ព្រមដែរ នោះវាប្រហែលជាអាចបញ្ឈប់សង្រ្គាមនៅរដូវក្ដៅឆ្នាំនេះ។

ការកត់សម្គាល់របស់លោក ហ្សេលេនស្គី ធ្វើឡើងបន្ទាប់ពីសារព័ត៌មាន The Financial Times បានរាយការណ៍ថាអ៊ុយក្រែនកំពុងពិចារណាលើការរៀបចំការបោះឆ្នោតប្រធានាធិបតី ក្នុងរយៈពេល៣ខែខាងមុខ បន្ទាប់ពីរងសម្ពាធពីទីក្រុងវ៉ាស៊ីនតោន។ សេចក្ដីរាយការណ៍នេះក៏បានឱ្យដឹងដែរថាការប្រកាសពីការរៀបចំការបោះឆ្នោតអាចនឹងធ្វើឡើងនៅថ្ងៃទី២៤ ខែកុម្ភៈ ចំខួប៤ឆ្នាំនៃសង្រ្គាមនៅអ៊ុយក្រែន។

គួរបញ្ជាក់ថា លោក ហ្សេលេនស្គីធ្លាប់ទទូចម្ដងហើយម្ដងទៀតថាអ៊ុយក្រែនអាចរៀបចំការបោះឆ្នោត នៅបន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៉ីត្រូវបានចុះហត្ថលេខា។ ប៉ុន្តែថ្មីៗនេះលោក បានឱ្យសញ្ញាលើការពន្លឿនការជំរុញរៀបចំការបោះឆ្នោតជាផ្នែកមួយនៃផែនការរបស់សហរដ្ឋអាមេរិកដើម្បីបញ្ចប់សង្រ្គាម។ មេដឹកនាំអ៊ុយក្រែនរូបនេះក៏បានអះអាងដែរថារាល់កិច្ចព្រមព្រៀង ណាមួយពាក់ព័ន្ធនឹងការកាត់ទឹកដីឱ្យរុស្ស៉ី នឹងត្រូវឆ្លងកាត់ការបោះឆ្នោតប្រជាមតិជាមុនសិន។ លោក ហ្សេលេនស្គីដែលជាអតីតតារាកំប្លែងម្នាក់បានជាប់ឆ្នោតជាប្រធានាធិបតីអ៊ុយក្រែន កាលពីឆ្នាំ២០១៩ សម្រាប់អាណត្តិមានរយៈពេល៥ឆ្នាំ៕