តេហេរ៉ង់ បញ្ជាក់ជាថ្មីថាមិនអាចយកកម្មវិធីមីស៉ីលមកចរចា ខណៈអាមេរិក-អ៉ីរ៉ង់ ស្ថិតក្នុងដំណាក់កាលចរចាលើកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់ (Video inside)
12-02-2026 11:15
(តេហេរ៉ង់)៖ នៅគ្រាដែលទីក្រុងតេហេរ៉ង់ និងទីក្រុងវ៉ាស៉ីនតោន កំពុងសម្លឹងរកកិច្ចចរចាជុំថ្មីដើម្បីបញ្ចៀសជម្លោះ ទីប្រឹក្សានៃមេដឹកនាំកំពូលអ៉ីរ៉ង់ កាលពីថ្ងៃពុធសប្តាហ៍នេះបាននិយាយថា សមត្ថភាពអភិវឌ្ឍមីស៉ីលគឺជាបន្ទាត់ក្រហមរបស់អ៉ីរ៉ង់ ហើយមិនអាចយកមកធ្វើជាប្រធានបទ សម្រាប់ការចរចាឡើយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី១២ ខែកុម្ភៈ ឆ្នាំ ២០២៦។
ទីក្រុងវ៉ាស៉ីនតោន ស្វែងរកជាយូរមកហើយ លើការបន្តពិភាក្សាអំពីសមត្ថភាពនុយក្លេអ៊ែរអ៉ីរ៉ង់ ដើម្បីគ្របដណ្តប់លើកម្មវិធីមីស៉ីលរបស់ប្រទេសនេះផងដែរ។ អ៉ីរ៉ង់ ថាខ្លួនត្រៀមលក្ខណៈរួចរាល់ហើយ ដើម្បីពិភាក្សាអំពីការទប់ស្កាត់កម្មវិធីនុយក្លេអ៊ែរ ជាថ្នូរនឹងការដកទណ្ឌកម្មពីអាមេរិក ប៉ុន្តែម្តងហើយម្តងទៀត បានច្រានចោលការយកបញ្ហានេះ ទៅភ្ជាប់នឹងបញ្ហាផ្សេងទៀត រួមទាំងកម្មវិធីមីស៉ីល។
តាមការចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ អំឡុងពិធីដង្ហែរក្បួនរំលឹកខួបលើកទី ៤៧នៃបដិវត្តន៍អ៉ីស្លាម លោក Ali Shamkhani បញ្ជាក់ថា «សមត្ថភាពមីស៉ីលរបស់សាធារណរដ្ឋអ៉ីស្លាមមួយនេះ គឺជារឿងដែលមិនអាចចរចាបាន»។ រដ្ឋមន្ត្រីការបរទេស លោក Abbas Araqchi កាលពីចុងសប្តាហ៍មុន ក៏បាននិយាយដែរថា កម្មវិធីមីស៉ីលអ៉ីរ៉ង់ មិនដែលជាក្លាយផ្នែកមួយក្នុងរបៀបវារៈនៃកិច្ចចរចាទេ។
គួរបញ្ជាក់ថា អ្នកការទូតអាមេរិក និងអ៉ីរ៉ង់ បានពិភាក្សាគ្នាដោយប្រយោល កាលពីសប្តាហ៍មុន ក្នុងប្រទេសអូម៉ង់ ចំពោះមុខវត្តមានកងនាវាចរអាមេរិកនៅក្នុងតំបន់មជ្ឈិមបូព៌ា៕









