អ៉ីតាលី ឈានទៅប្រើប្រាស់ចំណាត់ការផ្នែកយោធា ដើម្បីទប់ស្កាត់លំហូរអន្តោប្រវេសន៍ (Video inside)

12-02-2026 11:51

(រ៉ូម)៖ តាមប្រភពពីមន្រ្តីរដ្ឋាភិបាល គណៈរដ្ឋមន្ត្រីអ៉ីតាលី បានអនុម័តសេចក្តីព្រាងច្បាប់មួយ កាលពីថ្ងៃពុធសប្តាហ៍នេះ ដែលនឹងអនុញ្ញាតឱ្យមានការប្រើប្រាស់កម្លាំងកងនាវាចរ ដើម្បីរារាំងទូកដឹកជនអន្តោប្រវេសន៍ ដែលចូលមកអ៉ីតាលីតាមព្រំដែនផ្លូវទឹក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី១២ ខែកុម្ភៈ ឆ្នាំ ២០២៦។

នៅក្រោមសេចក្តីព្រាងច្បាប់នេះ រដ្ឋាភិបាលអាចហាមឃាត់ទូក មិនឱ្យចូលដែនទឹករបស់ខ្លួន ក្នុងរយៈពេលដល់ទៅ ៦ខែ ករណីមានការគំរាមកំហែងធ្ងន់ធ្ងរចំពោះសណ្តាប់ធ្នាប់សាធារណៈ ឬសន្តិសុខជាតិ។ អ្នកដែលបំពានប្រឈមការផាកពិន័យ ៥០ ០០០អឺរ៉ូ ឬ ៦០ ០០០ដុល្លារ ហើយនៅក្នុងករណីមានការបំពានម្តងហើយម្តងទៀត ទូករបស់ពួកគេនឹងត្រូវរឹបអូសតែម្តង។ វិធានការនេះអាចសំដៅលើនាវា ដែលដំណើរការក្រោមរូបភាពសប្បុរសធម៌។

ចំណាត់ការនេះត្រូវបានដាក់ចេញ បន្ទាប់ពីសភាអឺរ៉ុប ទើបអនុម័តលើការកែប្រែច្បាប់ស្តីពីសិទ្ធិជ្រកកោនរបស់ EU ជាការឆ្លើយតបទៅនឹងសម្ពាធពីប្រទេសជាសមាជិក រួមទាំងអ៉ីតាលី ឱ្យ EU ប្រើវិធីសាស្រ្តតឹងរ៉ឹង ដើម្បីទប់ស្កាត់លំហូរអន្តោប្រវេសន៍។ តាំងពីចូលកាន់តំណែងនាចុងឆ្នាំ ២០២២ នាយករដ្ឋមន្ត្រីអ៉ីតាលី លោកស្រី Giorgia Meloni បានបង្កើនល្បឿននៃការធ្វើមាតុភូមិនិវត្តន៍ អ្នកស្វែងរកសិទ្ធិជ្រកកោនតែមិនជោគជ័យ ឱ្យត្រឡប់ទៅប្រទេសខ្លួនវិញ ជាមួយការណែនាំឱ្យដាក់គុកតឹងរ៉ឹង សម្រាប់ក្រុមរត់ពន្ធមនុស្សតាមផ្លូវសមុទ្រ៕