សហរដ្ឋអាមេរិក បន្តដាក់សម្ពាធឱ្យ UN ធ្វើកំណែទម្រង់ ខណៈដល់ពេលបង់ថ្លៃមូលនិធិ (Video inside)
12-02-2026 13:30
(ហ្សឺណែវ)៖ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ (UN) លោក Mike Waltz បាននិយាយថា សហរដ្ឋអាមេរិកនឹងបន្តដាក់សម្ពាធឱ្យ UN ធ្វើកំណែទម្រង់ស្ថាប័ន បើទោះបីជាដកខ្លួនចេញពីទីភ្នាក់ងារមួយចំនួន និងកាត់បន្ថយមូលនិធិរាប់ពាន់លានដុល្លារ កាលពីឆ្នាំមុនក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែកុម្ភៈ ឆ្នាំ ២០២៦។
លោក Waltz ប្រាប់ក្រុមអ្នកយកព័ត៌មានដូច្នេះថា «យើងនឹងរក្សាសម្ពាធលើបញ្ហាដែលបានទាមទារ ឱ្យមានប្រសិទ្ធភាព។ យើងនឹងបន្តស្នើទីភ្នាក់ងារទាំងនេះ ធ្វើឱ្យបានដូច ឬយ៉ាងហោចណាស់ប្រហាក់ប្រហែល»។ លោកឯកអគ្គរដ្ឋទូត ក៏បានបញ្ជាក់ម្តងទៀតថា ការទូទាត់ថ្លៃមូលនិធិពីទីក្រុងវ៉ាស៉ីនតោន ដល់អង្គការពិភពលោកមួយនេះ នឹងមកក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខផងដែរ។
លោក Waltz កំពុងបំពេញទស្សនកិច្ច ២ថ្ងៃនៅទីក្រុងហ្សឺណែវ ដើម្បីជួបក្រុមមន្ត្រីមកពីទីភ្នាក់ងារ UN មួយចំនួន រួមទាំងទីភ្នាក់ងារជនភៀសខ្លួន UNHCR ដែលប្រឈមនឹងការកាត់បន្ថយថវិកាច្រើនបំផុតមិនធ្លាប់មាន។ តាមលោក Waltz, UN ត្រូវចាត់វិធានការសន្សំសំចៃ រួមទាំងការទទួលយករបៀបធ្វើការតាមអនឡាញ ប្រើប្រាស់បច្ចេកវិទ្យា AI សម្រាប់ការបកប្រែភាសា ក៏ដូចជាការផ្លាស់ទីលំនៅបុគ្គលិក ចេញពីទីស្នាក់ការកណ្តាលនៅទីក្រុង ដែលមានការចំណាយខ្ពស់បំផុតចំនួនពីររបស់ពិភពលោក គឺញូវយ៉ក និងហ្សឺណែវ។
គួរបញ្ជាក់ថា ទីភ្នាក់ងារ UN ដូចជាអង្គការ UNICEF បានប្រកាសពីការផ្លាស់ទីលំនៅរបស់បុគ្គលិករាប់ពាន់នាក់ ទៅកាន់ទីតាំងដែលមានតម្លៃថោករួចហើយ៕







