បង់ក្លាដែសរៀបចំការបោះឆ្នោតសកល ក្រោយបដិវត្តន៍ Gen Z កាលពីឆ្នាំ២០២៤ (Video inside)
12-02-2026 14:00
(ដាក្កា)៖ នាថ្ងៃព្រហស្បតិ៍ ទី១២ ខែកុម្ភៈ ការបោះឆ្នោតសកលនៅបង់ក្លាដែស ដែលត្រូវបានមើលឃើញថា មានសារសំខាន់ជាខ្លាំង សម្រាប់ស្ថិរភាពប្រទេស បានចាប់ផ្តើមប្រព្រឹត្តទៅ ក្រោយចលនាបះបោរដឹកនាំដោយក្រុមយុវជន កាលពីឆ្នាំ២០២៤ បានផ្តួលរំលំរបបដឹកនាំរបស់នាយករដ្ឋមន្រ្តី លោកស្រី Sheikh Hasina ដែលកាន់អំណាចយូរមកហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ក្រុមអ្នកវិភាគលើកឡើងថា លទ្ធផលដាច់ស្រេចមួយក្នុងការបោះឆ្នោតនេះ គឺចាំបាច់ដើម្បីស្ថិរភាពអភិបាលកិច្ច នៅក្នុងប្រទេសដែលមានប្រជាជន១៧០លាននាក់នេះ បន្ទាប់ពីបាតុកម្មប្រឆាំងលោកស្រី Hasina បានបង្កភាពចលាចលអស់ជាច្រើនខែ ហើយធ្វើឱ្យរាំងស្ទះឧស្សាហកម្មសំខាន់ៗ រួមមានទាំងវិស័យវាយនភណ្ឌ ដែលជាអ្នកនាំចេញធំបំផុតលេខទី២ របស់ពិភពលោក។
ការបោះឆ្នោតនាថ្ងៃព្រហស្បតិ៍នេះ គឺជាលើកដំបូងសម្រាប់ពិភពលោក ក្រោយបដិវត្តន៍មួយ ដែលដឹកនាំដោយក្រុមមនុស្សមានអាយុក្រោម៣០ឆ្នាំ ឬហៅថា Gen Z ហើយនៅខែក្រោយ គឺដល់វេនការបោះឆ្នោតនៅប្រទេសនេប៉ាល់ម្តង បន្ទាប់ពីមានការផ្លាស់ប្តូរស្រដៀងគ្នា។
ការបោះឆ្នោតនៅបង់ក្លាដែស ស្ថិតក្រោមការប្រជែងរវាងក្រុមចម្រុះចំនួន២ ដែលដឹកនាំដោយអតីតសម្ព័ន្ធមិត្ត នោះគឺគណបក្សជាតិនិយមបង់ក្លាដែស BNP និងគណបក្សអ៉ីស្លាម Jamaat‑e‑Islami។ បើតាមការស្ទង់មតិកន្លងមក គណបក្ស BNP ហាក់ទទួលបានសំឡេងគាំទ្រនាំមុខ។ ដោយឡែក គណបក្ស Awami League របស់លោកស្រី Hasina បានជាប់បម្រាម ហើយរូបលោកស្រីផ្ទាល់ កំពុងបន្តជ្រកកោននៅប្រទេសឥណ្ឌា ដែលជាសម្ព័ន្ធមិត្តយូរមកហើយ។
គួរបញ្ជាក់ថា ខុសពីការបោះឆ្នោតមុនៗ ដែលពោរពេញដោយការធ្វើពហិការពីក្រុមបក្សប្រឆាំង និងការសម្លុតគំរាម បេក្ខជនលើស ២០០០នាក់ ក្នុងនោះជាច្រើននាក់ ជាបេក្ខជនឯករាជ្យ កំពុងតែប្រកួតគ្នាយកអាសនៈចំនួន៣០០ នៅក្នុងសភានៃប្រទេសបង់ក្លាដែស។ រីឯបេក្ខជននាយករដ្ឋមន្រ្តីទាំង២រូបវិញ គឺលោក Tarique Rahman នៃបក្ស BNP និងលោក Shfiqur Rahman នៃបក្ស Jamaat។ ខណៈមានត្រកូលដូចគ្នា អ្នកទាំងពីរមិនជាប់សាច់ឈាមគ្នានោះទេ៕







