ប្រមុខ WHO បន្តអះអាងថា ហានិភ័យនៃការរីករាលដាលជំងឺ Nipah គឺមានកម្រិតទាប (Video inside)

12-02-2026 15:43

(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា ហានិភ័យនៃការរីករាលដាលនៃមេរោគដ៏សាហាវ Nipah គឺមានកម្រិតទាប បន្ទាប់ពីករណីឆ្លងត្រូវបានរកឃើញនាពេលថ្មីៗ ក្នុងប្រទេសឥណ្ឌា និងបង់ក្លាដែស។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន The Straits Times នាថ្ងៃព្រហស្បតិ៍ ទី១២ ខែកុម្ភៈ ឆ្នាំ ២០២៦។

ប្រធាន WHO លោក Tedros Adhanom Ghebreyesus បានប្រាប់សន្និសីទសារព័ត៌មាន នៅទីក្រុងហ្សឺណែវ កាលពីថ្ងៃទី១១ ខែកុម្ភៈថា «រយៈពេលប៉ុន្មានសប្តាហ៍មកនេះ ៣ករណីនៃជំងឺ Nipah ដោយ ២ករណីនៅឥណ្ឌា និង ១ករណីនៅបង់ក្លាដែស កំពុងធ្វើឱ្យគ្រប់គ្នាផ្តោតការចាប់អារម្មណ៍ និងព្រួយបារម្ភអំពីការរីករាលដាល»

តាមលោក Tedros, WHO បានវាយតម្លៃលើហានិភ័យនៃការរាលដាល ទាំងនៅក្នុងតំបន់ និងទូទាំងពិភពលោក ហើយបានរកឃើញថាវាមានកម្រិតទាប។ ម្យ៉ាងការផ្ទុះជំងឺក្នុងតំបន់ទាំងពីរ គឺមិនទាក់ទងគ្នាឡើយ ទោះបីជាវាបានកើតឡើងនៅតាមព្រំដែនឥណ្ឌា-បង់ក្លាដែស ដែលមានលក្ខខណ្ឌអេកូឡូស៉ីជាប់គ្នា និងមានវប្បធម៌មួយចំនួនដូចគ្នា ហើយប្រជាជនប្រទេសទាំងពីរចូលចិត្តសត្វប្រចៀវ ដែលប្រភពនៃមេរោគ Nipah ក៏ដោយ។

គួរបញ្ជាក់ថា Nipah ត្រូវបានកត់សម្គាល់ដំបូងក្នុងឆ្នាំ ១៩៩៨ បន្ទាប់ពីវាបានរីករាលដាលក្នុងចំណោមអ្នកចិញ្ចឹមជ្រូក នៅប្រទេសម៉ាឡេស៊ី។ Nipah ជាជំងឺឆ្លងពីសត្វទៅមនុស្ស និងគ្មានវ៉ាក់សាំង ហើយមានអត្រាស្លាប់ពី ៤០ភាគរយទៅ ៧០ភាគរយ៕