លោក ត្រាំ៖ គ្មានការព្រមព្រៀងជាមួយលោក ណេតាន់យ៉ាហ៊ូ ទេ ហើយកិច្ចចរចាអាមេរិក-អ៉ីរ៉ង់នៅតែបន្ត (Video inside)

12-02-2026 16:42

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ក្រោយជួបនាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ថាមិនមានការព្រមព្រៀងគ្នាណាមួយទេ ទាក់ទងនឹងរបៀបដោះស្រាយជាមួយអ៉ីរ៉ង់ ហើយលោកនៅតែចង់កិច្ចចរចាអាមេរិក-អ៉ីរ៉ង់ស្តីពីកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់ បន្តទៅមុខដើម្បីមើលថាតើវាអាចសម្រេច ឬយ៉ាងណា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី១២ ខែកុម្ភៈ ឆ្នាំ ២០២៦។

លោក ណេតាន់យ៉ាហ៊ូ សង្ឃឹមថាអាចជំរុញលោក ត្រាំ ដាក់សំណើការទូតឱ្យលើសពីកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់ រួមទាំងការដាក់កំហិតលើកម្មវិធីមីស៉ីល ដោយសង្កត់ធ្ងន់អំពីផលប្រយោជន៍សន្តិសុខអ៉ីស្រាអែល ប៉ុន្តែមិនទទួលបានការផ្តល់ឱ្យណាមួយពីសំណាក់លោក ត្រាំ ទេ។ លោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ បានជជែកគ្នាអស់ជាង ២ម៉ោងកន្លះ ដោយលោក ត្រាំ បានពិពណ៌នាថាវាជាកិច្ចប្រជុំដ៏ល្អ ប៉ុន្តែថាគ្មានការសម្រេចចិត្តធំដុំអ្វីទេ ហើយលោកឈប់ទទួលយកការអង្វរករជាសាធារណៈរបស់ លោក Netanyahu ទៀតហើយ។

គួរបញ្ជាក់ថា ចាប់តាំងពីចូលកាន់តំណែងប្រធានាធិបតីអាមេរិក អាណត្តិទីពីរ នៅឆ្នាំមុន លោក ត្រាំ បានជួបលោក ណេតាន់យ៉ាហ៊ូ ៧លើកហើយ។ ទស្សនកិច្ចថ្មីចុងក្រោយនេះ ហាក់ដូចជាស្ងប់ស្ងាត់ខុសពីធម្មតា និងបិទមិនឱ្យមានសន្និសីទសារព័ត៌មាន ខណៈទីក្រុងវ៉ាស៉ីនតោន កំពុងសម្លឹងរកកិច្ចចរចាជុំថ្មីជាមួយទីក្រុងតេហេរ៉ង់ បន្ទាប់ពីកិច្ចចរចានុយក្លេអ៊ែរក្នុងប្រទេសអូម៉ង់ កាលពីថ្ងៃសុក្រសប្តាហ៍មុន៕