ចិនហៅមេដឹកនាំតៃវ៉ាន់ថា ជាជនដុតបញ្ឆេះសង្រ្គាម រារាំងសន្តិភាព និងបង្កើតវិបត្តិ (Video inside)

12-02-2026 17:11

(ប៉េកាំង)៖ នាថ្ងៃព្រហស្បតិ៍ ទី១២ ខែកុម្ភៈ ទីក្រុងប៉េកាំង បានហៅមេដឹកនាំកោះតៃវ៉ាន់ លោក Lai Ching-te ថាជាជនដុតបញ្ឆេះសង្រ្គាម បន្ទាប់ពីរូបលោកបានព្រមានថា ចិននឹងកំណត់គោលដៅលើប្រទេសដទៃទៀតនៅក្នុងតំបន់ បន្ទាប់ពីគ្រប់គ្រងបានតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

អំឡុងកិច្ចសម្ភាសមួយជាមួយ ​AFP លោក Lai បាននិយាយថា ក្នុងករណីដែលចិនកាន់កាប់តៃវ៉ាន់បាននោះ ទីក្រុងប៉េកាំង នឹងធ្វើសកម្មភាពបំពានកាន់តែខ្លាំង ហើយជំហានបន្ទាប់នឹងតម្រង់មហិច្ឆតាវាតទីនិយមរបស់ខ្លួន ទៅរកជប៉ុន ហ្វីលីពីន ក៏ដូចជា​បណ្តាប្រទេសផ្សេងទៀត នៅក្នុងតំបន់ឥណ្ឌូប៉ាស៉ីហ្វិក។

ដោយមិនរង់ចាំយូរ ក្រសួងការបរទេសចិន បានចេញមុខចោទប្រកាន់លោក Lai ថាកំពុងញុះញង់បង្កភាពតានតឹង ហើយហៅលោកថា ជាជនដុតបញ្ឆេះសង្រ្គាម។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានលើកឡើងយ៉ាងដូច្នេះថា «ការអត្ថាធិប្បាយរបស់លោក Lai Ching-te ជាថ្មីម្តងទៀត លាតត្រដាងអំពី សារជាតិគាំទ្រឯករាជ្យដ៏រឹងទទឹងរបស់លោក ហើយបង្ហាញជាក់ច្បាស់ទាំងស្រុងថា រូបលោកគឺជាជនរារាំងសន្តិភាព ជាជនបង្កើតវិបត្តិ និងជាជនដុតបញ្ឆេះសង្រ្គាម»

ជាចុងក្រោយ អ្នកនាំពាក្យចិន បានសង្កត់ធ្ងន់ថា «ទោះបីលោក Lai Ching-te ខំប្រឹងនិយាយឬធ្វើបែបណាក៏ដោយ គឺវាមិនអាច​កែប្រែការពិតនៃប្រវត្តិសាស្រ្ត និងការពិតនៃផ្លូវច្បាប់ដែលថា តៃវ៉ាន់គឺជាផ្នែកនៃទឹកដីរបស់ប្រទេសចិនឡើយ»។ តៃវ៉ាន់ត្រូវបានចិនចាត់ទុក​ត្រឹមជាតំបន់មួយប៉ុណ្ណោះនៃប្រទេសរបស់ខ្លួន ហើយទីក្រុងប៉េកាំងមិនដែលបោះបង់ចោល ជម្រើសប្រើប្រាស់កម្លាំងយោធា ដើម្បីគ្រប់គ្រងដែនកោះនេះទេ ក្នុងករណីចាំបាច់៕