ស៊ុយអែតបញ្ជូនយន្តហោះចម្បាំង Gripen ទៅល្បាតនៅហ្គ្រីនឡែន ក្នុងបេសកកម្ម NATO (Video inside)
12-02-2026 19:02
(ស្តុកហូម)៖ ប្រទេសស៊ុយអែតបានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួននឹងបញ្ជូនយន្តហោះចម្បាំងប្រភេទ JAS 39 Gripen ទៅធ្វើការល្បាតនៅជុំវិញកោះអ៊ីស្លង់ និងហ្គ្រីនឡែន ដែលជាផ្នែកមួយនៃបេសកកម្ម «Arctic Sentry» របស់អង្គការណាតូ (NATO)។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នាយករដ្ឋមន្ត្រីស៊ុយអែត លោក អ៊ុល គ្រីស្ទ័រសុន (Ulf Kristersson) បានថ្លែងក្នុងសេចក្តីថ្លែងការណ៍ថា «សកម្មភាពនេះជួយពង្រឹងសមត្ថភាពទប់ស្កាត់ ការពារផលប្រយោជន៍រួមរបស់យើង និងរួមចំណែកដល់ស្ថិរភាពនៅក្នុងតំបន់ដែលមានសារៈសំខាន់សម្រាប់អឺរ៉ុប និងកិច្ចសហប្រតិបត្តិការអន្តរអាត្លង់ទិក»។
គួរបញ្ជាក់ថា ណាតូបានប្រកាសចាប់ផ្តើមបេសកកម្ម Arctic Sentry កាលពីថ្ងៃពុធ ដើម្បីពង្រឹងវត្តមាននៅតំបន់អាក់ទិក និងកាត់បន្ថយភាពតានតឹងនៅក្នុងសម្ព័ន្ធភាព បន្ទាប់ពីមានការជំរុញពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការចង់បានកោះហ្គ្រីនឡែន៕




