នាយករដ្ឋមន្ត្រីប៉ាគីស្ថាននឹងចូលរួមប្រជុំ «ក្រុមប្រឹក្សាសន្តិភាព» របស់លោក ត្រាំ នៅវ៉ាស៊ីនតោន (Video inside)

12-02-2026 21:15

(អ៊ីស្លាម៉ាបាដ)៖ ក្រសួងការបរទេសប៉ាគីស្ថានបានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា នាយករដ្ឋមន្ត្រី លោក សេបាហ្ស ស្សារីហ្វ នឹងអញ្ជើញទៅចូលរួមក្នុងកិច្ចប្រជុំលើកដំបូងនៃ «ក្រុមប្រឹក្សាសន្តិភាព» របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៩ ខែកុម្ភៈ ខាងមុខ នៅរដ្ឋធានីវ៉ាស៊ីនតោន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អ្នកនាំពាក្យក្រសួងការបរទេស លោក តាហៀ អាន់ដ្រាប៊ី (Tahir Andrabi) បានបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេស លោក អ៊ីសាក ដា (Ishaq Dar) ក៏នឹងអមដំណើរនាយករដ្ឋមន្ត្រីផងដែរ។

គួរបញ្ជាក់ថា ក្រុមប្រឹក្សានេះដំបូងឡើយត្រូវបានបង្កើតឡើងដើម្បីត្រួតពិនិត្យអភិបាលកិច្ចបណ្តោះអាសន្ននៅតំបន់ហ្គាហ្សា ប៉ុន្តែលោក ត្រាំ បានពង្រីកវិសាលភាពរបស់វាដើម្បីដោះស្រាយជម្លោះសកល។ ទោះបីជាមានក្តីបារម្ភខ្លះថាស្ថាប័ននេះអាចធ្វើឱ្យចុះខ្សោយតួនាទីរបស់អង្គការសហប្រជាជាតិក្តី ក៏ប៉ាគីស្ថានអះអាងថាការចូលរួមរបស់ខ្លួនគឺធ្វើឡើងដោយ «សុឆន្ទៈ»។

លោក អាន់ដ្រាប៊ី បានសង្កត់ធ្ងន់ថា «យើងមិនចូលរួមដោយឯកឯងទេ ប៉ុន្តែក្នុងនាមជាសំឡេងរួមនៃប្រទេសឥស្លាម-អារ៉ាប់ចំនួន ៨» ដើម្បីគាំទ្រផែនការហ្គាហ្សាស្របតាមក្របខណ្ឌក្រុមប្រឹក្សាសន្តិសុខ UN៕