មេដឹកនាំអឺរ៉ុបជំរុញឱ្យចាត់វិធានការបន្ទាន់ ដើម្បីប្រកួតប្រជែងជាមួយអាមេរិក និងចិន (Video inside)

12-02-2026 21:57

(ព្រុចសែល)៖ មេដឹកនាំសហភាពអឺរ៉ុប (EU) បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា វាជាពេលវេលាបន្ទាន់បំផុតដែលត្រូវស្វែងរកវិធីកាត់បន្ថយថ្លៃដើមថាមពល និងកែលម្អទីផ្សាររួម ដើម្បីឱ្យអាជីវកម្មអឺរ៉ុបអាចរស់រានមានជីវិតពីការប្រកួតប្រជែងសេដ្ឋកិច្ចដ៏កាចសាហាវពីសហរដ្ឋអាមេរិក និងចិន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង និងអធិការបតីអាល្លឺម៉ង់ លោក ហ្វ្រេដរិច មឺស (Friedrich Merz) បានមកដល់កិច្ចប្រជុំនៅបែលហ្ស៊ិកជាមួយគ្នា ដោយបង្ហាញពីការឯកភាពលើភាពបន្ទាន់នៃស្ថានការណ៍។ ទោះជាយ៉ាងណា មេដឹកនាំជាច្រើនបានសម្តែងការខកចិត្តចំពោះកង្វះវឌ្ឍនភាព។

នាយករដ្ឋមន្ត្រីស៊ុយអែត លោក អ៊ុល គ្រីស្ទ័រសុន (Ulf Kristersson) បានរិះគន់ថា «មានការនិយាយច្រើនពេក ប៉ុន្តែសកម្មភាពតិចតួចណាស់» ខណៈនាយករដ្ឋមន្ត្រីឆែក លោក អាន់ដ្រេ បាប៊ីស (Andrej Babis) បានបន្ថែមថា «មានតែពាក្យសម្ដី សន្និសីទ ប៉ុន្តែគ្មានសកម្មភាព»។

នាយករដ្ឋមន្ត្រីបែលហ្ស៊ិក លោក បាត ដឺ វ៉េវើ (Bart De Wever) បានព្រមានថា បញ្ហាចម្បងគឺថ្លៃថាមពល ដែលបច្ចុប្បន្នខ្ពស់ជាងនៅអាមេរិក និងចិនជាងពីរដង។ លោកបានសង្កត់ធ្ងន់ថា «យើងមិនមានភាពប្រកួតប្រជែងទេ ហើយយើងប្រថុយនឹងបាត់បង់ឧស្សាហកម្មសំខាន់ៗដូចជា គីមីឥន្ធនៈ ដែកថែប និងលោហធាតុ ដែលជាមូលដ្ឋាននៃវិបុលភាពរបស់យើង»