ឯកសារសម្ងាត់វិមានក្រឹមឡាំងបង្ហាញពីគម្រោងសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយអាមេរិកក្រោមការដឹកនាំរបស់លោក ត្រាំ (Video inside)
12-02-2026 23:00
(មូស្គូ)៖ សារព័ត៌មាន Bloomberg បានរាយការណ៍ថា រុស្ស៊ីបានរៀបចំផែនការលម្អិតមួយស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដោយក្នុងនោះរួមមានលទ្ធភាពនៃការត្រឡប់ទៅប្រើប្រាស់ប្រាក់ដុល្លារអាមេរិកវិញនៅក្នុងពាណិជ្ជកម្មទ្វេភាគី។ នេះបើតាមការដកស្រង់ចេញពីអនុស្សារណៈផ្ទៃក្នុងមួយរបស់វិមានក្រឹមឡាំង។
ឯកសារកម្រិតខ្ពស់នេះបានកំណត់វិស័យចំនួន ៧ ដែលគោលដៅសេដ្ឋកិច្ចរបស់រុស្ស៊ី និងអាមេរិកមានភាពស្របគ្នា បន្ទាប់ពីដំណោះស្រាយសង្គ្រាមនៅអ៊ុយក្រែនត្រូវបានសម្រេច។ ចំណុចសំខាន់ៗរួមមានការសហការគ្នាលើកកម្ពស់ការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល ជាជាងថាមពលកកើតឡើងវិញ។
លើសពីនេះ ឯកសារក៏បានស្នើឱ្យមានការបណ្តាក់ទុនរួមគ្នានៅក្នុងវិស័យឧស្ម័នធម្មជាតិ ការទាញយកប្រេងនៅដែនសមុទ្រ និងរ៉ែយុទ្ធសាស្ត្រ ដែលអាចផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ក្រុមហ៊ុនអាមេរិក។
ទោះបីជាយ៉ាងនេះក្តី កាលពីខែមករា មន្ត្រីអាមេរិកបានបង្ហើបថា លោក ត្រាំ នឹងអនុញ្ញាតឱ្យសេចក្តីព្រាងច្បាប់ដាក់ទណ្ឌកម្មថ្មីលើប្រទេសដែលធ្វើរកស៊ីជាមួយរុស្ស៊ី ដំណើរការទៅមុខនៅក្នុងសភា៕




