នាវាយោធាអាមេរិកពីរគ្រឿង បុកគ្នាពេលចាក់ប្រេង ប៉ុន្តែគ្មានគ្រោះថ្នាក់ធំដុំ (Video inside)

13-02-2026 09:33

(វ៉ាស៉ីនតោន)៖ ទីបញ្ជាការភូមិភាគខាងត្បូងរបស់សហរដ្ឋអាមេរិក បានប្រាប់ Reuters តាមរយៈសារអ៉ីមែលមួយ នាព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ថានាវាចម្បាំងអាមេរិកមួយគ្រឿង និងនាវាផ្គត់ផ្គង់នៃកងទ័ពជើងទឹកមួយគ្រឿងទៀត បានបុកគ្នាក្នុងអំឡុងពេលចាក់ប្រេងកាលថ្ងៃពុធ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ទីបញ្ជាការភូមិភាគខាងត្បូង ដែលទទួលខុសត្រូវលើតំបន់អាមេរិកកណ្តាល អាមេរិកខាងត្បូង និង Caribbean បានឱ្យដឹងថា នាវាពិឃាតបំពាក់មីស៉ីល USS Truxtun និងនាវាជំនួយប្រយុទ្ធ USNS Supply បានបុកគ្នាពេលដែលចាក់ប្រេងលើសមុទ្រ ប៉ុន្តែមិនបានបញ្ជាក់ពីទីតាំងបុកគ្នាទេ។

សេចក្តីថ្លែងការណ៍ដដែលបន្ថែមថា យោធាពីរនាក់បានរងរបួសស្រាល។ ឧប្បត្តិហេតុនេះ កំពុងស្ថិតក្រោមការស៉ើបអង្កេត ហើយនាវាទាំងពីរគ្រឿងបានបន្តដំណើរដោយសុវត្ថិភាព។ កាសែតអាមេរិក Wall Street Journal បានរាយការណ៍ដំបូងគេថា ការប៉ះទង្គិចគ្នានេះ កើតឡើងនៅជិតតំបន់អាមេរិកខាងត្បូង៕