ប្រជាជនអ៊ុយក្រែនរាប់ម៉ឺននាក់ គ្មានអគ្គិសនី និងទឹកប្រើប្រាស់ ក្រោយការវាយប្រហាតាមអាកាសរបស់រុស្ស៉ី (Video inside)

13-02-2026 10:56

(កៀវ)៖ ក្រុមមន្រ្តីបានអះអាងថា រុស្ស៉ីវាយប្រហារអ៊ុយក្រែនដោយយន្តហោះដ្រូន និងមីស៉ីលបាលីស្ទីគ កាលពីយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បណ្តាលឱ្យប្រព័ន្ធថាមពលរបស់ខ្លួនកាន់តែរងគ្រោះ ដោយធ្វើឱ្យមនុស្សរាប់ម៉ឺននាក់ក្នុងរដ្ឋធានីកៀវ តំបន់ Dnipro និង Odesa គ្មានអគ្គិសនី ថាមពលកម្តៅ និងទឹកសម្រាប់ប្រើប្រាស់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ ឆ្នាំ ២០២៦។

អភិបាលក្រុង លោក Vitali Klitschko និយាយថា គ្រាន់តែទីក្រុងកៀវមួយ អគារលំនៅឋានប្រហែល ៣ ៥០០ខ្នង គ្មានថាមពលកម្តៅ នាយប់ថ្ងៃព្រហស្បតិ៍ បន្ទាប់ពីការវាយប្រហារថ្មីរបស់រុស្ស៉ី បន្ថែមលើផលប៉ះពាល់ស្រាប់។ ក្រុមហ៊ុនថាមពលឯកជន DTEK បានឱ្យដឹងថា រោងចក្រថាមពលកម្តៅមួយរបស់ខ្លួនត្រូវបានកំណត់គោលដៅ។ មនុស្សជាង ១០០ ០០០គ្រួសារគ្មានអគ្គិសនីប្រើប្រាស់ ខណៈមនុស្សពីរនាក់រងរបួស។

នា​យប់​ថ្ងៃដដែល អភិបាល​តំបន់ Odesa លោក Oleh Kiper និយាយ​ថា រលក​ទីពីរ​នៃ​ការ​វាយប្រហារ​ដោយដ្រូន​បាន​បំផ្លាញ​ផ្ទះសម្បែង និង​ទីតាំង​ឧស្សាហកម្ម ដែល​រំខាន​ដល់​ការ​ផ្គត់ផ្គង់​អគ្គិសនី កម្តៅ និង​ទឹក។ រលកដំបូងនៃការវាយប្រហាររបស់រុស្ស៉ី បានធ្វើឱ្យមនុស្សជិត ៣០០ ០០០នាក់គ្មានទឹកប្រើប្រាស់ ខណៈអគារជិត ២០០ខ្នងត្រូវបានទុកចោល ដោយសារតែគ្មានម៉ាស៉ីនកម្តៅ។ អភិបាលតំបន់ Dnipro លោក Oleksandr Ganzha និយាយថា ទីក្រុងឧស្សាហកម្មភាគអាគ្នេយ៍នៃតំបន់ បានការវាយប្រហារដោយមីស៉ីល និងដ្រូន ធ្វើឱ្យមនុស្ស ៤នាក់រងរបួស។

គួរបញ្ជាក់ថា បើតាមកងទ័ពអាកាសអ៊ុយក្រែន រុស្ស៉ីបានប្រើប្រាស់មីស៉ីលបាលីស្ទិកចំនួន ២៤គ្រាប់ មីស៉ីលគ្រូសមួយគ្រាប់ និងដ្រូន ២១៩គ្រឿង ខណៈកងទ័ពអាកាសបានបាញ់ទម្លាក់ ឬស្ទាក់មីស៉ីលចំនួន ១៦គ្រាប់ និងដ្រូន ១៩៧គ្រឿង៕