ប្រធានាធិបតី ដូណាល់ ត្រាំ៖ លោក ណេតាន់យ៉ាហូ គួរតែត្រូវបានលើកលែង សម្រាប់ការចោទប្រកាន់ពីបទពុករលួយ (Video inside)
13-02-2026 11:47
(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែកុម្ភៈ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ គួរតែទទួលបានការលើកលែង សម្រាប់ការចោទប្រកាន់ពីបទពុករលួយ និងបានរិះគន់ប្រធានាធិបតីអ៉ីស្រាអែល លោក Isaac Herzog។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្នុងព្រឹត្តិការណ៍មួយនៅឯសេតវិមាន លោក ត្រាំ និយាយថា លោក ណេតាន់យ៉ាហ៊ូ គឺជានាយករដ្ឋមន្ត្រីអស្ចារ្យម្នាក់ក្នុងសម័យសង្គ្រាម ហើយប្រជាជនអ៉ីស្រាអែលគួរបន្ទោសលោក Herzog ដែលគ្មានភាពខ្មាស់អៀន ចំពោះការមិនលើកលែងទោសឱ្យ លោក ណេតាន់យ៉ាហ៊ូ។
គួរបញ្ជាក់ថា លោក ណេតាន់យ៉ាហ៊ូ គឺជានាយករដ្ឋមន្ត្រីអ៉ីស្រាអែលដំបូង ដែលរងការចោទប្រកាន់ពីបទឧក្រិដ្ឋ។ លោកបានបដិសេធការចោទប្រកាន់ពីបទសូកប៉ាន់ ការក្លែងបន្លំ និងការរំលោភលើសេចក្តីទុកចិត្ត ដែលមានចាប់តាំងពីការចោទប្រកាន់រូបលោក ក្នុងឆ្នាំ ២០១៩។ តាមច្បាប់អ៉ីស្រាអែល ប្រធានាធិបតី មានសិទ្ធិលើកលែងទោសដល់អ្នកទោស ប៉ុន្តែមិនធ្លាប់មានគំរូលើកលែងណាមួយ ចេញមកនៅពេលដែលសវនាការកំពុងដំណើរការនោះទេ។
តាមការចេញផ្សាយរបស់កាសែត The Straits Times ឆ្លើយតបនឹងសំណួរជុំវិញការអត្ថាធិប្បាយរបស់ លោក ត្រាំ ការិយាល័យប្រធានាធិបតីអ៉ីស្រាអែលបានឱ្យដឹងថា សំណើពាក់ព័ន្ធលោក ណេតាន់យ៉ាហ៊ូ កំពុងស្ថិតក្រោមការពិនិត្យនៅក្រសួងយុត្តិធម៌ ដើម្បីសុំយោបល់ផ្នែកច្បាប់ ហើយពេលដែលដំណើរការនោះបញ្ចប់ លោក Herzog នឹងពិចារណាសម្រេច៕




