ប្រមុខអង្គភាពប្រឆាំងអំពើពុករលួយនៅម៉ាឡេស៉ី ថាស្វាគមន៍ឱ្យមានការស៉ើបអង្កេតលើទ្រព្យសម្បត្តិរបស់ខ្លួន ចំពោះមុខការទាមទារឱ្យលាលែងពីតំណែង
13-02-2026 13:29
(គូឡាឡាំពួ)៖ នាថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ ប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងអំពើពុករលួយនៃប្រទេសម៉ាឡេស៉ី (MACC) លោក Azam Baki បានប្រកាសថា ស្វាគមន៍ឱ្យមានការស៉ើបអង្កេតលើរូបខ្លួន ស្របពេលមានការទាមទារឱ្យលាលែងពីតំណែង ក្រោយផ្ទុះសេចក្តីរាយការណ៍មួយ ដែលអះអាងថា លោកកាន់កាប់ភាគហ៊ុនក្នុងក្រុមហ៊ុនមួយ ដែលលើសពីកម្រិតអនុញ្ញាតដោយច្បាប់សម្រាប់អ្នកធ្វើការរដ្ឋ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
លោក Azam បាននិយាយថា រូបលោកពុំមានអ្វីត្រូវលាក់បាំងឡើយ ខណៈការប្រកាសហិរញ្ញវត្ថុនិងទ្រព្យសម្បត្តិទាំងអស់របស់លោក ត្រូវបានធ្វើឡើងស្របទៅតាមច្បាប់ ហើយលោកជឿជាក់យ៉ាងមុតមាំថា ការពិតនឹងឈ្នះតាមរយៈនីតិវិធីមួយ ដែលយុត្តិធម៌និងឯករាជ្យ។ ក្នុងសប្តាហ៍នេះ សារព័ត៌មាន Bloomberg ដោយផ្អែកលើការប្រកាសឯកសារសាជីវកម្មមួយកាលពីឆ្នាំមុន បានរាយការណ៍ថា លោក Azam បានកាប់កាន់ភាគហ៊ុនចំនួន១៧.៧លានហ៊ុន ក្នុងក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុមួយ ដែលបច្ចុប្បន្នមានតម្លៃ៨០០ ០០០រីហ្គីត ឬស្មើនឹង២០៥ ០០០ដុល្លារ ពោលគឺលើសយ៉ាងខ្លាំងពីកម្រិតអនុញ្ញាត១០០ ០០០រីងហ្គីត។
សេចក្តីរាយការណ៍ខាងលើ បានញ៉ាំងឱ្យក្រុមសមាជិកសភាបក្សប្រឆាំង និងក្រុមសង្គមស៉ីវិល នាំគ្នាទាមទារជាថ្មីឱ្យលោក Azam លាលែងពីតំណែង ហើយមានការធ្វើកំណែទម្រង់ទ្រង់ទ្រាយធំ ចំពោះអង្គភាពប្រឆាំងអំពើពុករលួយ ក្នុងនោះរួមមានការដកសិទ្ធិនាយករដ្ឋមន្រ្តី ក្នុងការតែងតាំងប្រធាន MACC។
គួរបញ្ជាក់ថា សកម្មភាពភាគហ៊ុនរបស់លោក Azam ក៏ធ្លាប់ទទួលរងការរិះគន់ស្រដៀងគ្នា កាលពីឆ្នាំ២០២២ផងដែរ ជុំវិញការចោទប្រកាន់ថា រូបលោកបានកាន់កាប់ភាគហ៊ុនរាប់លានហ៊ុន នៅក្នុងក្រុមហ៊ុនដែលចុះបញ្ជីជាសាធារណៈចំនួន២ នៅឆ្នាំ២០១៥ និងឆ្នាំ២០១៦ ប៉ុន្តែក្រុមនិយតករមូលបត្រនាពេលនោះ បាននិយាយថា ខ្លួនមិនអាចកំណត់ច្បាស់ថា តើលោក Azam ពិតជាបានបំពានច្បាប់ឬយ៉ាងណាទេ៕






