ជប៉ុនរឹបអូសទូកនេសាទចិន និងចាប់ខ្លួនកាពីទែនទូក ចំពេលភាពតានតឹងកើនឡើងជាមួយទីក្រុងប៉េកាំង (Video inside)
13-02-2026 13:54
(តូក្យូ)៖ នាថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ ទីក្រុងតូក្យូបានឱ្យដឹងថា អាជ្ញាធរជប៉ុនបានឃាត់ទុកទូកនេសាទចិន១គ្រឿង ហើយចាប់ខ្លួនកាពីទែនទូកនោះ ក្នុងហេតុការណ៍មួយ ដែលទំនងជាបង្កើនភាពតានតឹងថែមទៀត ជាមួយទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ទំនាក់ទំនងរវាងទីក្រុងតូក្យូនិងទីក្រុងប៉េកាំង បានធ្លាក់ដុនដាបយ៉ាងខ្លាំង ចាប់តាំងពីនាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Sanae Takaichi បានដុតបញ្ឆេះកំហឹងចិន តាមរយៈការលើកឡើងថា ជប៉ុនអាចនឹងធ្វើអន្តរាគមន៍យោធា ប្រសិនបើចិនសម្រេចបើកការវាយប្រហារ ដើម្បីគ្រប់គ្រងតៃវ៉ាន់។
អាជ្ញាធរជប៉ុនបាននិយាយថា កាពីទែនទូកខាងលើ ត្រូវបានបង្គាប់ឱ្យឈប់ ដើម្បីធ្វើការត្រួតពិនិត្យ ប៉ុន្តែទូកនោះមិនព្រមអនុវត្តតាម ហើយព្យាយាមរត់គេច។ ជាលទ្ធផល ទូកនេសាទចិននោះត្រូវបានរឹបអូស ហើយកាពីទែនត្រូវបានឃាត់ខ្លួន។ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន ក្បែរខេត្ត Nagasaki។
វាគឺជាលើកដំបូងគិតចាប់តាំងពីឆ្នាំ២០២២មក ដែលអាជ្ញាធរជប៉ុន បានរឹបអូសទូកនេសាទរបស់ចិន។ កាពីទែនទូកនេសាទខាងលើ គឺជាជនជាតិចិនអាយុ៤៧ឆ្នាំ ខណៈមានមនុស្សសរុបទាំងអស់ចំនួន១១នាក់ ស្ថិតនៅលើទូក។
គួរបញ្ជាក់ថា ចិននិងជប៉ុនមានបញ្ហាវិវាទទឹកដីជាច្រើនជាមួយគ្នា ក្នុងនោះឧប្បត្តិហេតុ បានកើតឡើងជាញឹកញយ នៅក្បែរទីប្រជុំកោះ ដែលជប៉ុនហៅថា Senkaku រីឯចិនហៅថា Diaoyu។ ការចាប់ខ្លួនកាពីទែនទូកនេសាទចិន កាលពីឆ្នាំ២០១០ ក្បែរទីប្រជុំកោះនោះ នៅសមុទ្រចិនខាងកើត បានក្លាយជាឧប្បត្តិហេតុការទូតដ៏ធំមួយរវាងប្រទេសទាំងពីរ៕




