អាល្លឺម៉ង់និងបារាំង ស្នើឱ្យអ្នករាយការណ៍ពិសេស UN ប្រចាំដែនដីប៉ាឡេស្ទីន លាលែងពីតំណែង ក្រោយរិះគន់អ៉ីស្រាអែល (Video inside)
13-02-2026 14:44
(បែរឡាំង)៖ រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ លោក Johann Wadephul កាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែកុម្ភៈ បានស្នើឱ្យអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) ប្រចាំនៅដែនដីប៉ាឡេស្ទីន លោកស្រី Francesca Albanese លាលែងពីតំណែង ជុំវិញការអត្ថាធិប្បាយរបស់លោកស្រី ដែលត្រូវមើលឃើញថា បានរិះគន់ចំពោះអ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
លោក Wadephul បានបង្ហោះសារលើបណ្តាញសង្គម X ថា «ខ្ញុំគោរពប្រព័ន្ធអ្នករាយការណ៍ឯករាជ្យរបស់ UN ក៏ប៉ុន្តែលោកស្រី Albanese បានធ្វើការអត្ថាធិប្បាយមិនសមរម្យជាច្រើន នាពេលកន្លងមកនេះ។ ខ្ញុំថ្កោលទោសការលើកឡើងថ្មីចុងក្រោយរបស់លោកស្រី ស្តីអំពីប្រទេសអ៉ីស្រាអែល។ លោកស្រីមិនសមនៅកាន់តួនាទីទៀតទេ»។
ថ្លែងតាមវិដេអូក្នុងវេទិកាមួយ នៅទីក្រុងដូហានៃប្រទេសកាតា កាលពីពេលថ្មីៗនេះ ដែលរៀបចំដោយប្រព័ន្ធផ្សព្វផ្សាយ Al Jazeera លោកស្រី Albanese បានសំដៅលើអ្វីដែលខ្លួនហៅថា សត្រូវរួមរបស់មនុស្សជាតិ បន្ទាប់ពីលោកស្រី បានរិះគន់ចំពោះភាគច្រើននៃពិភពលោក និងភាគច្រើននៃប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចថា បានជួយនាំឱ្យមានអំពើប្រល័យពូជសាសន៍នៅ តំបន់ហ្កហ្សា។ លោកស្រី Albanese បានបន្តថា ច្បាប់អន្តរជាតិប្រៀបដូចជាត្រូវបានយកកាំបិតចាក់ចំបេះដូង ប៉ុន្តែក៏មានឱកាសមួយផងដែរ ដោយសារតែឥឡូវ យើងទាំងអស់គ្នាមើលឃើញថា ពួកយើងក្នុងនាមជាមនុស្សជាតិ គឺមានសត្រូវរួមមួយ។
រដ្ឋមន្រ្តីការបរទេសបារាំង លោក Jean-Noel Barrot ក៏បានរិះគន់ការអត្ថាធិប្បាយរបស់លោកស្រី Albanese ហើយស្នើឱ្យលោកស្រីលាលែងពីតួនាទីដូចគ្នា។ លោក Barrot បាននិយាយថា «បារាំងថ្កោលទោសជាខ្លាំង ចំពោះការអត្ថាធិប្បាយរបស់លោកស្រី Francesca Albanese ដោយវាមិនបានសំដៅទៅរដ្ឋាភិបាលអ៉ីស្រាអែល ដែលគោលនយោបាយគួររងការរិះគន់ទេ តែបែរជាទៅរកអ៉ីស្រាអែល ក្នុងនាមជាប្រជាជននិងប្រជាជាតិមួយ។ ប្រការនេះគឺមិនអាចទទួលយកជាដាច់ខាត»។
គួរបញ្ជាក់ថា ក្រោយមក លោកស្រី Albanese បានចេញមុខបកស្រាយថា ការអត្ថាធិប្បាយរបស់លោកស្រី គឺត្រូវបានយល់ខុស។ បើតាមលោកស្រី ការលើកឡើង អំពីសត្រូវរួមរបស់មនុស្សជាតិ គឺចង់សំដៅលើប្រព័ន្ធ ដែលបានអនុញ្ញាតឱ្យមានអំពើប្រល័យពូជសាសន៍ នៅប៉ាឡេស្ទីន រួមមានលុយ ការបិទបាំង និងសព្វាវុធ ជាដើម ហើយលោកស្រី បានគូសបញ្ជាក់ថា លោកស្រីមិនបាននិយាយសោះឡើយថា អ៉ីស្រាអែលជាសត្រូវរួមរបស់មនុស្សជាតិ៕




