កូរ៉េខាងជើងព្រមានអំពីការឆ្លើយតបធ្ងន់ធ្ងរ បើនៅតែមានការបញ្ជូនដ្រូនពីកូរ៉េខាងត្បូង (Video inside)

13-02-2026 15:09

(ព្យុងយ៉ាង)៖ នាថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ កូរ៉េខាងជើង បានគំរាមអំពីការឆ្លើយតបដ៏ធ្ងន់ធ្ងរមួយ ប្រសិនបើខ្លួននៅតែប្រទះឃើញ មានការបង្ហោះយន្តហោះដ្រូនជាដដែលៗទៀតនៅព្រំដែន ចេញពីកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

កាលពីខែមករា កូរ៉េខាងជើងបានអះអាងថា ខ្លួនបានបាញ់ទម្លាក់ដ្រូនស៉ើបការណ៍១គ្រឿង ដែលហោះមកពីកូរ៉េខាងត្បូង។ អ្នកនាង Kim Yo Jong ដែលជាប្អូនស្រីមានអំណាចធំរបស់មេដឹកនាំកូរ៉េខាងជើង លោក ​គីម ជុងអ៊ុន បានចេញមុខព្រមានសាជាថ្មីថា នឹងមានផលវិបាកធ្ងន់ធ្ងរឆ្លើយតបទៅវិញ បើឧប្បត្តិហេតុដ្រូននៅតែមិនត្រូវបានបញ្ឈប់។

ដំបូងឡើយ ទីក្រុងសេអ៊ូលបានបដិសេធការជាប់ពាក់ព័ន្ធផ្លូវការណាមួយ ក្នុងឧប្បត្តិហេតុដ្រូនកាលពីខែមករានោះ ហើយនិយាយថា វាអាចជាស្នាដៃជនស៉ីវិល។ ប៉ុន្តែក្នុងសប្តាហ៍នេះ ក្រុមការងារចម្រុះយោធានិងប៉ូលិស បានប្រកាសថា ខ្លួនកំពុងស៉ើបអង្កេតទៅលើ​មន្រ្តីទាហាន៣នាក់ និងមន្រ្តីទីភ្នាក់ងារចារកម្មម្នាក់ ដើម្បីព្យាយាមកំណត់ឱ្យច្បាស់ពីការពិត។

ការជាប់ពាក់ព័ន្ធណាមួយរបស់រដ្ឋាភិបាល ក្នុងឧប្បត្តិហេតុដ្រូនកាលពីខែមករា មុខជានឹងធ្វើឱ្យប៉ះពាល់ដល់កិច្ចប្រឹងប្រែងរបស់​ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung ដែលចង់បន្ធូរបន្ថយភាពតានតឹងជាមួយទីក្រុងព្យុងយ៉ាង។ លោក Chung Dong-young ដែលជារដ្ឋមន្រ្តីក្រសួងកិច្ចការអន្តរកូរ៉េ បានបង្ហាញការសោកស្តាយ ខណៈកន្លងមក លោកធ្លាប់បានលើកឡើងថា ការបង្ហោះដ្រូននោះ គឺអាចជាស្នាដៃរបស់បុគ្គលិករដ្ឋាភិបាលណាមួយ ដែលនៅស្មោះស្ម័គ្រចំពោះអតីតមេដឹកនាំ លោក Yoon Suk Yeol។

គួរបញ្ជាក់ថា លោក Yoon រងការចោទប្រកាន់ថា កាលពីពេលនៅជាប្រធានាធិបតី បានបញ្ជាឱ្យបញ្ជូនយន្តហោះដ្រូន ដើម្បីមកទម្លាក់ខិតបណ្ណឃោសនា នៅលើកូរ៉េខាងជើង កាលពីឆ្នាំ២០២៤។ ចាប់តាំងពីឡើងកាន់អំណាច កាលពីឆ្នាំមុនមក លោក Lee បានប្តេជ្ញាជួសជុលទំនាក់ទំនងឡើងវិញ ជាមួយកូរ៉េខាងជើង តាមរយៈការលុបបំបាត់សកម្មភាពបង្កហេតុបែបនោះ ហើយថែមទាំងលើកឡើងថា ប្រហែលអាចមានការសុំទោសដែលជារឿងកម្រ ទៀតផង៕