នាយករដ្ឋមន្រ្តីថៃ លោក Anutin ថាគណបក្សភឿថៃ នឹងចូលរួមក្រុមចម្រុះដឹកនាំដោយបក្សរបស់លោក (Video inside)
13-02-2026 16:28
(បាងកក)៖ នាយករដ្ឋមន្រ្តីថៃ លោក Anutin Charnvirakul នាថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ បាននិយាយថា គណបក្សភឿថៃ នឹងចូលរួមជាមួយគណបក្សភូមិចៃថៃរបស់លោក ដែលទទួលបានជ័យជម្នះក្នុងការបោះឆ្នោតសកល កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន ដើម្បីបង្កើតរដ្ឋាភិបាលថ្មី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
គណបក្សភូមិចៃថៃរបស់លោក Anutin បានទទួលជ័យជម្នះដ៏ភ្ញាក់ផ្អើល ក្នុងការបោះឆ្នោតសកលមុនអាណត្តិ កាលពីថ្ងៃអាទិត្យ ទី៨ ខែកុម្ភៈ ដោយឈ្នះបានអាសនៈចំនួន១៩៣ ក្នុងចំណោមអាសនៈសរុបទាំង៥០០នៅរដ្ឋសភា ហើយតាមពីក្រោយដោយបក្សប្រជាជនថៃ ដែលឈ្នះបាន១១៨អាសនៈ និងបក្សភឿថៃ ដែលមាន៧៤អាសនៈ។ ការគាំទ្ររបស់ភឿថៃ នឹងផ្តល់ឱ្យលោក Anutin នូវសំឡេងអាសនៈភាគច្រើនដ៏ច្បាស់មួយ ហើយបើកផ្លូវសម្រាប់រដ្ឋាភិបាលចម្រុះ ដែលមានស្ថិរភាពរឹងមាំ។
គួរបញ្ជាក់ថា គណបក្សភូមិចៃថៃ ធ្លាប់ស្ថិតក្នុងរដ្ឋាភិបាលចម្រុះ ដែលដឹកនាំដោយបក្សភឿថៃ ក្រោយការបោះឆ្នោតសកល កាលពីឆ្នាំ២០២៣ ប៉ុន្តែបានដើរចេញពីសម្ព័ន្ធភាពនោះវិញ កាលពីខែមិថុនា ឆ្នាំមុន។ ប៉ុន្មានខែក្រោយមក នាយករដ្ឋមន្រ្តីថៃ នាពេលនោះ គឺលោកស្រី Paetongtarn Shinawatra ត្រូវបានតុលាការធម្មនុញ្ញសម្រេចដកតំណែង បើកឱកាសឱ្យលោក Anutin ក្លាយជានាយករដ្ឋមន្រ្តី៕






