កិច្ចចរចាសន្តិភាពអ៊ុយក្រែនប្តូរទៅហ្សឺណែវសប្តាហ៍ក្រោយ ក្រោមការដឹកនាំរបស់លោក Medinsky (Video inside)

13-02-2026 19:18

(មូស្គូ/ហ្សឺណែវ)៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ បានប្រកាសនៅថ្ងៃសុក្រនេះថា កិច្ចចរចាត្រីភាគីរវាងរុស្ស៊ី អ៊ុយក្រែន និងសហរដ្ឋអាមេរិក ដើម្បីបញ្ចប់សង្គ្រាមនឹងត្រូវធ្វើឡើងនៅទីក្រុងហ្សឺណែវនៅថ្ងៃអង្គារ និងពុធសប្តាហ៍ក្រោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងជុំនេះ គណៈប្រតិភូរុស្ស៊ីនឹងដឹកនាំដោយជំនួយការវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ម៉េឌីនស្គី (Vladimir Medinsky) ដោយជំនួសលោក អ៊ីហ្គ័រ កូស្យូកូវ (Igor Kostyukov) ប្រធានចារកម្មយោធាដែលបានដឹកនាំកិច្ចចរចានៅទីក្រុងអាប៊ូដាប៊ីនៃប្រទេសអារ៉ាប់រួមកន្លងទៅ។ ការផ្លាស់ប្តូរនេះត្រូវបានគេមើលឃើញថាជាសញ្ញាបង្ហាញថា ការពិភាក្សាអាចនឹងពង្រីកវិសាលភាពលើសពីបញ្ហាសន្តិសុខយោធា ទៅជាបញ្ហានយោបាយទូលំទូលាយ។

ទោះជាយ៉ាងណា ប្រភពអ៊ុយក្រែនធ្លាប់បានរិះគន់លោក ម៉េឌីនស្គី ថាចូលចិត្តបង្រៀន «មេរៀនប្រវត្តិសាស្ត្រ» ដល់គូភាគី ជាជាងការចរចាជាក់ស្តែង។ ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងពីលោក ដូណាល់ ត្រាំ ក្តី ក៏ភាគីទាំងពីរនៅតែមានគម្លាតឆ្ងាយលើបញ្ហាទឹកដី និងការគ្រប់គ្រងរោងចក្រនុយក្លេអ៊ែរ Zaporizhzhia៕