យោធាអាមេរិក វាយប្រហារទូកសង្ស័យដឹកគ្រឿងញៀននៅសមុទ្រ Caribbean ផ្តាច់ជីវិតមនុស្ស៣នាក់ទៀត (Video inside)
14-02-2026 09:11
(វ៉ាស៉ីនតោន)៖ នាថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ យោធាសហរដ្ឋអាមេរិក បានឱ្យដឹងថា ខ្លួនបានសម្លាប់ជនសង្ស័យរត់ពន្ធគ្រឿងញៀន៣នាក់ទៀត ក្នុងការវាយប្រហារលើទូកមួយគ្រឿង នៅតំបន់សមុទ្រ Caribbean។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
រដ្ឋបាលប្រធានាធិបតី លោក ដូណាល់ ត្រាំ បានបើកយុទ្ធនាការវាយប្រហារទូកសង្ស័យដឹកគ្រឿងញៀន ចាប់តាំងខែកញ្ញា ឆ្នាំ២០២៥មក ក្នុងសកម្មភាព ដែលខ្លួនអះអាងថា ជាសង្រ្គាមប្រឆាំងក្រុមភេរវករគ្រឿងញៀន ដែលធ្វើប្រតិបត្តិការចេញពីប្រទេសវ៉េណេស៊ុយអេឡា។ គិតចាប់តាំងពីពេលនោះ ការវាយប្រហាររាប់សិបលើកត្រូវបានធ្វើឡើង ហើយមកទល់ពេលនេះ បានសម្លាប់មនុស្សសរុបកើនដល់យ៉ាងហោចចំនួន១៣៣នាក់។
ក្រុមមន្រ្តីអាមេរិក មិនបានផ្តល់ភស្តុតាងច្បាស់លាស់ណាស់មួយ ដែលបង្ហាញថាទូកជាច្រើនគ្រឿង ដែលខ្លួនបានវាយប្រហារ គឺពិតជាមានជាប់ពាក់ព័ន្ធក្នុងការរត់ពន្ធគ្រឿងញៀនឡើយ ជាហេតុនាំឱ្យមានការជជែកដេញដោលអំពីភាពស្របច្បាប់ នៃប្រតិបត្តិការដែលត្រូវបានពង្រីកពី Caribbean រហូតដល់ប៉ាស៉ីហ្វិក។
គួរបញ្ជាក់ថា កាលពីដើមខែមករាកន្លងទៅ យោធាអាមេរិក បានចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro ដែលធ្លាប់បានអះអាងថា យុទ្ធនាការយោធារបស់អាមេរិកនៅក្នុងតំបន់ គឺមានគោលដៅពិតប្រាកដ ដើម្បីផ្លាស់ប្តូររបបនៅក្នុងប្រទេសអាមេរិកឡាទីនមួយនេះ។ ឥឡូវលោក Maduro កំពុងស្ថិតក្រោមការឃុំឃាំងនៅសហរដ្ឋអាមេរិក ជាទីដែលរូបលោកប្រឈមការជំនុំជម្រះ ក្រោមការចោទប្រកាន់ពីបទល្មើសពាក់ព័ន្ធគ្រឿងញៀន៕





